ម៉ាកុស 12:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ទ្រង់​ក៏​ចាប់​តាំង​មាន​ព្រះ‌បន្ទូល​ទៅ​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​ថា មាន​មនុស្ស​ម្នាក់​ដែល​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​ជីក​ទី​ជាន់​ផ្លែ និង​សង់​ប៉ម ហើយ​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចំការ រួច​ចេញ​ពី​ស្រុក​នោះ​ទៅ

2. ដល់​រដូវ​ហើយ គាត់​ចាត់​បាវ​ម្នាក់​ទៅ​ឯ​ពួក​អ្នក​ធ្វើ​ចំការ ដើម្បី​នឹង​ទទួល​ផល​ខ្លះ​ពី​ពួក​អ្នក​ទាំង​នោះ

3. តែ​គេ​ចាប់​បាវ​នោះ​វាយ ហើយ​ឲ្យ​ត្រឡប់​ទៅ​វិញ​ទទេ

4. គាត់​ចាត់​បាវ​១​ទៀត​ឲ្យ​ទៅ​ឯ​គេ តែ​គេ​ចោល​បាវ​នោះ​នឹង​ថ្ម ទាំង​វាយ​ក្បាល ហើយ​បណ្តេញ​ឲ្យ​ទៅ​វិញ ទាំង​ជេរ​ប្រមាថ​ផង

5. គាត់​ក៏​ចាត់​ម្នាក់​ទៀត តែ​គេ​សំឡាប់​អ្នក​នោះ​បង់ ក៏​បាន​ចាត់​ជា​ច្រើន​នាក់​ទៅ​ទៀត ខ្លះ​ត្រូវ​គេ​វាយ ខ្លះ​ត្រូវ​គេ​សំឡាប់​ចោល

6. គាត់​នៅ​មាន​កូន​សំឡាញ់​តែ​១ ក៏​ចាត់​កូន​នោះ​ឲ្យ​ទៅ​ឯ​គេ​ក្រោយ​បង្អស់ ដោយ​គិត​ថា គេ​នឹង​កោត‌ខ្លាច​ដល់​កូន​អញ

7. តែ​ពួក​អ្នក​ធ្វើ​ចំការ​នោះ គេ​និយាយ​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក ចូរ​យើង​សំឡាប់​វា​ចេញ នោះ​មរដក​នេះ​នឹង​បាន​មក​លើ​យើង​រាល់​គ្នា​វិញ

8. រួច​គេ​ចាប់​កូន​គាត់ សំឡាប់​បោះ​ចោល​ទៅ​ក្រៅ​ចំការ​ទៅ

9. ដូច្នេះ តើ​ម្ចាស់​ចំការ​នឹង​ធ្វើ​ដូច​ម្តេច គឺ​គាត់​នឹង​មក​បំផ្លាញ​ពួក​អ្នក​ធ្វើ​ចំការ​នោះ រួច​ប្រវាស់​ទៅ​ឲ្យ​អ្នក​ឯ​ទៀត​វិញ

10. តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​បទ​គម្ពីរ​នេះ​ផង​ទេ​ឬ​អី ដែល​ថា «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក

11. ការ​នោះ គឺ​ព្រះ‌អម្ចាស់​ទ្រង់​បាន​ធ្វើ ហើយ​ជា​ការ​អស្ចារ្យ​នៅ​ភ្នែក​យើង​ខ្ញុំ»

ម៉ាកុស 12