26. តែបើអ្នករាល់គ្នាមិនអត់ទោសទេ នោះព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏មិនអត់ទោសសេចក្តីកំហុសរបស់អ្នករាល់គ្នាដែរ។
27. នោះក៏មកដល់ក្រុងយេរូសាឡិមម្តងទៀត រួចកាលទ្រង់កំពុងតែយាងក្នុងព្រះវិហារ នោះពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំ គេមកឯទ្រង់
28. ហើយទូលសួរថា អ្នកធ្វើការទាំងនេះដោយអាងអំណាចអ្វី តើអ្នកណាបានបើកអំណាចនេះឲ្យអ្នកធ្វើ
29. តែព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគេថា ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្តី១ដែរ ចូរឆ្លើយប្រាប់ខ្ញុំសិន នោះខ្ញុំនឹងប្រាប់ឲ្យអ្នកស្គាល់អំណាចដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរ
30. ឯបុណ្យជ្រមុជរបស់យ៉ូហាន តើមកពីស្ថានសួគ៌ ឬពីមនុស្ស ចូរឆ្លើយប្រាប់មក
31. នោះគេរិះគិតគ្នាថា បើយើងថា មកពីស្ថានសួគ៌ នោះវានឹងសួរយើងថា ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿគាត់
32. តែបើយើងឆ្លើយថា មកពីមនុស្ស នោះខ្លាចពួកបណ្តាជន ដ្បិតមនុស្សទាំងអស់រាប់យ៉ូហាននេះទុកជាហោរាមែន
33. គេក៏ទូលឆ្លើយថា យើងមិនដឹងទេ ហើយទ្រង់មានព្រះបន្ទូលឆ្លើយថា ដូច្នេះ ខ្ញុំក៏មិនប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីអំណាចអ្វីដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរ។