35. ខណៈនោះ យ៉ាកុប និងយ៉ូហានជាកូនសេបេដេ ក៏មកទូលទ្រង់ថា លោកគ្រូ សូមលោកសំរេចឲ្យយើងខ្ញុំ តាមសេចក្តីសំណូមរបស់យើងខ្ញុំផង
36. ទ្រង់មានព្រះបន្ទូលសួរថា តើចង់ឲ្យខ្ញុំសំរេចអ្វីឲ្យអ្នក
37. គេក៏ទូលឆ្លើយថា សូមឲ្យយើងខ្ញុំបានអង្គុយនៅ ម្នាក់ខាងស្តាំ ហើយម្នាក់ខាងឆ្វេងលោក ក្នុងស្ថាននៃសិរីល្អរបស់លោក
38. តែព្រះយេស៊ូវមានព្រះបន្ទូលថា អ្នកមិនយល់សេចក្តីដែលអ្នកសូមនោះទេ តើអ្នកអាចនឹងផឹកអំពីពែងដែលខ្ញុំផឹក ហើយទទួលបុណ្យជ្រមុជដែលខ្ញុំទទួលបានឬទេ
39. គេទូលឆ្លើយថា ទទួលបាន នោះព្រះយេស៊ូវមានព្រះបន្ទូលតបថា អ្នករាល់គ្នានឹងផឹកអំពីពែងខ្ញុំ ហើយទទួលបុណ្យជ្រមុជដែលខ្ញុំទទួលមែន
40. តែដែលអង្គុយខាងស្តាំ ឬខាងឆ្វេងខ្ញុំ នោះមិនស្រេចនឹងខ្ញុំទេ គឺសំរាប់តែអ្នកណាដែលទីនោះបានរៀបចំទុកឲ្យប៉ុណ្ណោះ
41. កាល១០នាក់ឯទៀតបានឮសេចក្តីនោះ នោះគេក៏នឹកតូចចិត្តនឹងយ៉ាកុប ហើយនឹងយ៉ូហាន
42. តែព្រះយេស៊ូវទ្រង់ហៅអ្នកទាំងនោះមក មានព្រះបន្ទូលថា អ្នករាល់គ្នាដឹងថា ពួកអ្នកដែលបានរាប់ជាចៅហ្វាយនៃសាសន៍ដទៃ គេគ្រប់គ្រងលើសាសន៍របស់ខ្លួន ហើយពួកអ្នកធំក៏មានអំណាចលើគេដែរ
43. ប៉ុន្តែ មិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ អ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ
44. ឯអ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នកទាំងអស់វិញ
45. ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបំរើដែរ គឺដើម្បីនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង។
46. ខណៈនោះ ក៏មកដល់ក្រុងយេរីខូរ ហើយកំពុងដែលទ្រង់យាងចេញពីនោះទៅ ព្រមទាំងពួកសិស្ស និងហ្វូងមនុស្សជាធំផង នោះមានមនុស្សខ្វាក់ឈ្មោះបារទីមេ ជាកូនទីមេ កំពុងអង្គុយសូមទាននៅមាត់ផ្លូវ
47. កាលគាត់បានឮថា ជាព្រះយេស៊ូវ ពីណាសារ៉ែត នោះក៏តាំងស្រែកឡើងថា ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង
48. មានមនុស្សជាច្រើនកំហែងឲ្យគាត់នៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា ឱព្រះអង្គ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង
49. នោះព្រះយេស៊ូវទ្រង់ឈប់ ហើយប្រាប់ឲ្យគេហៅគាត់មក គេក៏ហៅមក ដោយប្រាប់ថា ចូរសង្ឃឹមចុះ ហើយក្រោកឡើង លោកហៅឯង
50. គាត់បោះអាវធំចោល រួចស្ទុះក្រោកឡើង ទៅឯព្រះយេស៊ូវ
51. ទ្រង់មានព្រះបន្ទូលសួរគាត់ថា តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក អ្នកនោះទូលឆ្លើយថា លោកគ្រូអើយ សូមប្រោសភ្នែកទូលបង្គំឲ្យបានភ្លឺឡើង