3. តែទ្រង់មានព្រះបន្ទូលឆ្លើយថា តើលោកម៉ូសេបានបង្គាប់មកអ្នករាល់គ្នាថាដូចម្តេច
4. គេទូលថា លោកបានអនុញ្ញាតឲ្យធ្វើសំបុត្រលះលែង ហើយឲ្យលែងទៅ
5. ទ្រង់មានព្រះបន្ទូលឆ្លើយថា ដែលលោកបានតែងច្បាប់នោះឲ្យអ្នករាល់គ្នា គឺដោយព្រោះតែចិត្តអ្នករាល់គ្នារឹងរូសប៉ុណ្ណោះ
6. ប៉ុន្តែ តាំងពីដើមកំណើតមនុស្សមក នោះព្រះទ្រង់បានបង្កើតគេជាប្រុសជាស្រី
7. ដោយហេតុនោះបានជាមនុស្សប្រុសតែងនឹងលាចេញពីឪពុកម្តាយ ទៅនៅជាប់នឹងប្រពន្ធវិញ
8. ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១ គេមិនមែនជា២ទៀត គឺជាសាច់តែ១សុទ្ធ
9. ដូច្នេះ កុំឲ្យអ្នកណាពង្រាត់មនុស្ស ដែលព្រះបានផ្សំផ្គុំគ្នាឡើយ
10. កាលកំពុងនៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ ពីសេចក្តីដដែលម្តងទៀត
11. ហើយទ្រង់មានព្រះបន្ទូលថា អ្នកណាដែលនឹងលែងប្រពន្ធ ទៅយក១ទៀត នោះឈ្មោះថាផិតប្រពន្ធហើយ
12. បើស្ត្រីណាលែងប្ដីទៅយក១ទៀត នោះក៏ឈ្មោះថាបានផិតប្ដីដែរ។
13. រួចមានគេនាំក្មេងតូចៗ មកថ្វាយទ្រង់ពាល់ ប៉ុន្តែ ពួកសិស្សបន្ទោសដល់ពួកអ្នកដែលនាំវាមក
14. កាលព្រះយេស៊ូវបានឃើញ នោះទ្រង់គ្នាន់ក្នុងព្រះហឫទ័យ ក៏មានព្រះបន្ទូលទៅគេថា ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរព្រះមានសុទ្ធតែមនុស្ស ដូចវារាល់គ្នាដែរ
15. ហើយខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលនគរព្រះដូចជាកូនក្មេង១នេះ នោះមិនបានចូលទៅក្នុងនគរនោះឡើយ
16. ទ្រង់ក៏ឱបវារាល់គ្នា ហើយដាក់ព្រះហស្តលើ ទាំងប្រទានពរឲ្យផង។
17. កាលទ្រង់យាងចេញទៅតាមផ្លូវ នោះមានម្នាក់រត់មក លុតជង្គង់ក្រាបចុះនៅចំពោះទ្រង់ទូលសួរថា លោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ប្រយោជន៍ឲ្យបានគ្រងជីវិតរស់អស់កល្បជានិច្ច
18. ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ហេតុអ្វីបានជាអ្នកហៅខ្ញុំថាល្អដូច្នេះ គ្មានអ្នកណាល្អសោះ មានតែ១ គឺជាព្រះប៉ុណ្ណោះ