22. តែគាត់មានចិត្តព្រួយណាស់ ដោយឮពាក្យនោះ ក៏ចេញទៅទាំងក្តីទុក្ខ ព្រោះគាត់មានសម្បត្តិច្រើនណាស់។
23. ព្រះយេស៊ូវទ្រង់ងាកទតជុំវិញ ហើយមានព្រះបន្ទូលទៅពួកសិស្សថា ដែលមនុស្សអ្នកមានចូលទៅក្នុងនគរព្រះ នោះពិបាកណាស់
24. ឯពួកសិស្ស ក៏នឹកស្ងើចនឹងព្រះបន្ទូលទ្រង់ តែទ្រង់មានព្រះបន្ទូលទៅគេម្តងទៀតថា កូនអើយ ពួកអ្នកដែលជាប់ចិត្តនឹងទ្រព្យសម្បត្តិ នោះនឹងចូលទៅក្នុងនគរព្រះដោយពិបាកណាស់
25. បើសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយជាជាងមនុស្សអ្នកមានចូលទៅក្នុងនគរព្រះវិញ
26. គេក៏មានសេចក្តីប្លែកក្នុងចិត្តជាខ្លាំង ទាំងនិយាយគ្នាទៅវិញទៅមកថា ចុះបើដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ
27. ព្រះយេស៊ូវទ្រង់ទតទៅគេ មានព្រះបន្ទូលថា ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន
28. នោះពេត្រុសចាប់តាំងទូលទ្រង់ថា មើលយើងខ្ញុំបានលះចោលទាំងអស់មកតាមទ្រង់ហើយ
29. តែព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនដែលមានអ្នកណាដែលលះចោលផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្តាយ ប្រពន្ធកូន ឬស្រែចំការ ដោយព្រោះយល់ដល់ខ្ញុំ ហើយនឹងដំណឹងល្អ
30. ឥតបានទទួលជា១រយភាគឡើង ក្នុងសម័យនេះនោះឡើយ គឺជាផ្ទះសំបែង បងប្អូនប្រុសស្រី ម្តាយហើយកូន និងស្រែចំការ ព្រមទាំងសេចក្តីបៀតបៀនដែរ ហើយដល់បរលោកនាយ នឹងបានជីវិតរស់អស់កល្បជានិច្ចផង
31. តែនឹងមានមនុស្សមុនទៅជាក្រោយជាច្រើន ហើយមនុស្សក្រោយទៅជាមុនវិញ។
32. កំពុងដែលដើរតាមផ្លូវ ឡើងទៅឯក្រុងយេរូសាឡិម នោះព្រះយេស៊ូវយាងមុខគេ ហើយពួកសិស្សមានចិត្តវិលវល់ ក៏ដើរតាមទ្រង់ទៅទាំងភ័យភិត ទ្រង់ក៏យកពួក១២មកម្តងទៀត ចាប់តាំងមានព្រះបន្ទូលប្រាប់អំពីការដែលត្រូវកើតមកដល់ទ្រង់ថា
33. មើលយើងឡើងទៅឯក្រុងយេរូសាឡិម នោះកូនមនុស្សនឹងត្រូវបញ្ជូនទៅឯពួកសង្គ្រាជ និងពួកអាចារ្យ គេនឹងកាត់ទោសលោកដល់ជីវិត ហើយបញ្ជូនទៅដល់ពួកសាសន៍ដទៃ
34. ពួកនោះនឹងចំអកមើលងាយ វាយនឹងរំពាត់ ស្តោះដាក់ ហើយសំឡាប់លោក រួច៣ថ្ងៃក្រោយដែលស្លាប់ទៅ នោះលោកនឹងរស់ឡើងវិញ។
35. ខណៈនោះ យ៉ាកុប និងយ៉ូហានជាកូនសេបេដេ ក៏មកទូលទ្រង់ថា លោកគ្រូ សូមលោកសំរេចឲ្យយើងខ្ញុំ តាមសេចក្តីសំណូមរបស់យើងខ្ញុំផង