18. ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ហេតុអ្វីបានជាអ្នកហៅខ្ញុំថាល្អដូច្នេះ គ្មានអ្នកណាល្អសោះ មានតែ១ គឺជាព្រះប៉ុណ្ណោះ
19. អ្នកបានស្គាល់បញ្ញត្តទាំងប៉ុន្មានហើយ ដែលថា «កុំឲ្យផិតឲ្យសោះ កុំឲ្យសំឡាប់មនុស្សឲ្យសោះ កុំឲ្យលួចគេឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ កុំឲ្យបំបាត់គេឲ្យសោះ ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយឯង»
20. តែគាត់ទូលឆ្លើយថា លោកគ្រូ ខ្ញុំបានកាន់តាមសេចក្តីទាំងនោះ តាំងពីក្មេងមកដែរ
21. ព្រះយេស៊ូវទ្រង់ទតទៅគាត់ ដោយស្រឡាញ់ ហើយមានព្រះបន្ទូលថា អ្នកនៅខ្វះកិច្ច១ទៀត គឺត្រូវទៅលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិនៅលើស្ថានសួគ៌វិញ រួចឲ្យផ្ទុកឈើឆ្កាងមកតាមខ្ញុំចុះ
22. តែគាត់មានចិត្តព្រួយណាស់ ដោយឮពាក្យនោះ ក៏ចេញទៅទាំងក្តីទុក្ខ ព្រោះគាត់មានសម្បត្តិច្រើនណាស់។
23. ព្រះយេស៊ូវទ្រង់ងាកទតជុំវិញ ហើយមានព្រះបន្ទូលទៅពួកសិស្សថា ដែលមនុស្សអ្នកមានចូលទៅក្នុងនគរព្រះ នោះពិបាកណាស់
24. ឯពួកសិស្ស ក៏នឹកស្ងើចនឹងព្រះបន្ទូលទ្រង់ តែទ្រង់មានព្រះបន្ទូលទៅគេម្តងទៀតថា កូនអើយ ពួកអ្នកដែលជាប់ចិត្តនឹងទ្រព្យសម្បត្តិ នោះនឹងចូលទៅក្នុងនគរព្រះដោយពិបាកណាស់
25. បើសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយជាជាងមនុស្សអ្នកមានចូលទៅក្នុងនគរព្រះវិញ
26. គេក៏មានសេចក្តីប្លែកក្នុងចិត្តជាខ្លាំង ទាំងនិយាយគ្នាទៅវិញទៅមកថា ចុះបើដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ
27. ព្រះយេស៊ូវទ្រង់ទតទៅគេ មានព្រះបន្ទូលថា ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន
28. នោះពេត្រុសចាប់តាំងទូលទ្រង់ថា មើលយើងខ្ញុំបានលះចោលទាំងអស់មកតាមទ្រង់ហើយ
29. តែព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនដែលមានអ្នកណាដែលលះចោលផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្តាយ ប្រពន្ធកូន ឬស្រែចំការ ដោយព្រោះយល់ដល់ខ្ញុំ ហើយនឹងដំណឹងល្អ
30. ឥតបានទទួលជា១រយភាគឡើង ក្នុងសម័យនេះនោះឡើយ គឺជាផ្ទះសំបែង បងប្អូនប្រុសស្រី ម្តាយហើយកូន និងស្រែចំការ ព្រមទាំងសេចក្តីបៀតបៀនដែរ ហើយដល់បរលោកនាយ នឹងបានជីវិតរស់អស់កល្បជានិច្ចផង