17. ទ្រង់មានព្រះបន្ទូលហៅថា ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងឲ្យអ្នកនេសាទមនុស្សវិញ
18. គេក៏ទុកអួនចោល ហើយដើរតាមទ្រង់ជា១រំពេចទៅ
19. លុះទ្រង់យាងហួសពីនោះបន្តិច ក៏ទតឃើញយ៉ាកុប ជាកូនសេបេដេ និងយ៉ូហាន ជាប្អូន នៅក្នុងទូក កំពុងតែជួសជុលអួន
20. ហើយទ្រង់មានព្រះបន្ទូលហៅគេមកភ្លាម គេក៏លះចោលសេបេដេ ជាឪពុក នៅក្នុងទូកជាមួយនឹងពួកជើងឈ្នួល រួចដើរតាមទ្រង់ទៅ។
21. នោះក៏នាំគ្នាចូលទៅក្នុងក្រុងកាពើណិម ហើយទ្រង់ចូលទៅបង្រៀនក្នុងសាលាប្រជុំរាល់តែថ្ងៃឈប់សំរាក
22. គេក៏នឹកប្លែកក្នុងចិត្ត ពីសេចក្តីបង្រៀនរបស់ទ្រង់ ដ្បិតទ្រង់បង្រៀន ដូចជាមានអំណាច មិនដូចជាពួកអាចារ្យទេ
23. រីឯនៅក្នុងសាលាប្រជុំរបស់គេ មានមនុស្សម្នាក់មានអារក្សអសោចចូល វាស្រែកឡើងថា
24. ហ៊ឹះ តើយើង និងទ្រង់មានហេតុអ្វីនឹងគ្នា នែ ព្រះយេស៊ូវពីភូមិណាសារ៉ែតអើយ តើទ្រង់មកបំផ្លាញយើងឬអី ខ្ញុំស្គាល់ជាក់ហើយ ថាទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ
25. ព្រះយេស៊ូវ ទ្រង់ក៏បន្ទោសដល់វាថា ចូរស្ងៀមទៅ ហើយថយពីមនុស្សនេះចេញ
26. កាលអារក្សអសោចបានជាន់មនុស្សនោះឲ្យប្រកាច់ប្រកិនជាខ្លាំង ហើយស្រែកឡើង នោះវាក៏ចេញទៅ
27. អ្នកទាំងអស់គ្នាក៏នឹកស្ងើចក្នុងចិត្ត ដល់ម៉្លេះបានជាគេសួរគ្នាថា នេះជាអ្វីអេះ តើសេចក្តីបង្រៀនបែបថ្មីយ៉ាងណាហ្ន៎ បានជាលោកបង្គាប់ដល់អារក្សអសោចដោយអំណាច ហើយវាក៏ស្តាប់បង្គាប់លោកដូច្នេះ