8. ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្តីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច បើមិនមែនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្តីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាបប៉ុណ្ណោះ។
9. ព្រះសូរសៀងនៃព្រះយេហូវ៉ាបន្លឺដល់ទីក្រុង ហើយមនុស្សណាដែលមានប្រាជ្ញា នឹងឃើញព្រះនាមទ្រង់ ចូរស្តាប់តាមដំបង និងតាមព្រះអង្គ ដែលបានដំរូវឲ្យមកផង
10. តើនៅតែមានទ្រព្យសម្បត្តិ ជាផលនៃការអាក្រក់នៅក្នុងផ្ទះមនុស្សអាក្រក់ និងរង្វាល់ឆកោង ដែលជាទីគួរស្អប់ខ្ពើមឬអី
11. តើត្រូវឲ្យអញប្រព្រឹត្តដោយបរិសុទ្ធ ចំពោះជញ្ជីងដែលអាក្រក់ និងថង់ពេញដោយកូនជញ្ជីងឆកោងឬ
12. ដ្បិតមនុស្សអ្នកមាននៅក្នុងទីក្រុង គេពេញដោយអំពើច្រឡោត ហើយពួកអ្នកអាស្រ័យនៅក្នុងក្រុង គេពោលកុហកទទេ អណ្តាតនៅក្នុងមាត់គេក៏ជាគ្រឿងឆបោកដែរ