មីកា 6:4-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ដ្បិត​អញ​បាន​នាំ​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​លោះ​ឯង​ចេញ​ពី​ផ្ទះ​របស់​ពួក​បាវ​បំរើ ហើយ​បាន​ចាត់​ម៉ូសេ អើរ៉ុន និង​ម៉ារាម​ឲ្យ​នាំ​មុខ​ឯង

5. ឱ​រាស្ត្រ​អញ​អើយ ឥឡូវ​នេះ ចូរ​នឹក​ចាំ​ពី​កិច្ច​ឧបាយ​ដែល​បាឡាក ស្តេច​ម៉ូអាប់ បាន​បង្កើត ហើយ​ពី​សេចក្តី​ដែល​បាឡាម ជា​កូន​បេអ៊រ​បាន​ឆ្លើយ​តប​ជា​យ៉ាង​ណា ហើយ​នឹក​ពី​ដំណើរ​ដែល​ឯង​ដើរ ចាប់​តាំង​ពី​ស៊ីទីម រហូត​ដល់​គីលកាល ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់​អស់​ទាំង​កិច្ច‌ការ​សុចរិត​របស់​ព្រះ‌យេហូវ៉ា​ចុះ។

6. តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​អ្វី ដើម្បី​ចូល​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ក្រាប​ថ្វាយ‌បង្គំ​នៅ​មុខ​ព្រះ​ដ៏​ខ្ពស់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​ដង្វាយ​ដុត ជា​កូន​គោ​អាយុ​១​ខួប ដើម្បី​ចូល​ទៅ​ចំពោះ​ទ្រង់​ឬ

7. តើ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សព្វ​ព្រះ‌ហឫ‌ទ័យ ដោយ​ចៀម​ទាំង​ពាន់ ឬ​ដោយ​ប្រេង​ទាំង​ម៉ឺន​ទន្លេ​ឬ​អី តើ​ត្រូវ​ឲ្យ​ខ្ញុំ​ថ្វាយ​កូន​ច្បង​ខ្ញុំ ឲ្យ​បាន​ធួន​នឹង​អំពើ​រំលង​ដែល​ខ្ញុំ​ប្រព្រឹត្ត គឺ​ជា​ផល​នៃ​រូប‌កាយ​ខ្ញុំ ឲ្យ​បាន​ធួន​នឹង​បាប​នៃ​ព្រលឹង​ខ្ញុំ​ឬ

8. ឱ​មនុស្ស​អើយ ព្រះ​បាន​បង្ហាញ​ឲ្យ​ឯង​ស្គាល់​សេចក្តី​ដែល​ល្អ តើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្តេច បើ​មិន​មែន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្តី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​សុភាព​រាប‌ទាបប៉ុណ្ណោះ។

9. ព្រះ​សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​បន្លឺ​ដល់​ទី​ក្រុង ហើយ​មនុស្ស​ណា​ដែល​មាន​ប្រាជ្ញា នឹង​ឃើញ​ព្រះ‌នាម​ទ្រង់ ចូរ​ស្តាប់​តាម​ដំបង និង​តាម​ព្រះ‌អង្គ ដែល​បាន​ដំរូវ​ឲ្យ​មក​ផង

10. តើ​នៅ​តែ​មាន​ទ្រព្យ‌សម្បត្តិ ជា​ផល​នៃ​ការ​អាក្រក់​នៅ​ក្នុង​ផ្ទះ​មនុស្ស​អាក្រក់ និង​រង្វាល់​ឆ‌កោង ដែល​ជា​ទី​គួរ​ស្អប់‌ខ្ពើម​ឬ​អី

11. តើ​ត្រូវ​ឲ្យ​អញ​ប្រព្រឹត្ត​ដោយ​បរិសុទ្ធ ចំពោះ​ជញ្ជីង​ដែល​អាក្រក់ និង​ថង់​ពេញ​ដោយ​កូន​ជញ្ជីង​ឆ‌កោង​ឬ

12. ដ្បិត​មនុស្ស​អ្នក​មាន​នៅ​ក្នុង​ទី​ក្រុង គេ​ពេញ​ដោយ​អំពើ​ច្រឡោត ហើយ​ពួក​អ្នក​អាស្រ័យ​នៅ​ក្នុង​ក្រុង គេ​ពោល​កុហក​ទទេ អណ្តាត​នៅ​ក្នុង​មាត់​គេ​ក៏​ជា​គ្រឿង​ឆ‌បោក​ដែរ

13. ហេតុ​នោះ​អញ​បាន​វាយ​ឯង​ឲ្យ​របួស​យ៉ាង​ធ្ងន់ ហើយ​បាន​ធ្វើ​ឲ្យ​ឯង​ខូច​បង់ ព្រោះ​អំពើ​បាប​របស់​ឯង

14. ឯង​នឹង​ស៊ី​តែ​មិន​បាន​ឆ្អែត​ទេ សេចក្តី​ស្រេក​ឃ្លាន​នឹង​នៅ​កណ្តាល​ឯង ឯង​នឹង​សន្សំ​ទុក តែ​មិន​គង់​នៅ​ទេ ឯ​របស់​អ្វី​ដែល​ឯង​ទុក​បាន នោះ​អញ​នឹង​ប្រគល់​ដល់​ដាវ​វិញ

15. ឯង​នឹង​សាប‌ព្រោះ​ទៅ តែ​មិន​បាន​ច្រូត​កាត់​ឡើយ ឯង​នឹង​ជាន់​ផ្លែ​អូលីវ តែ​មិន​បាន​ប្រេង​សំរាប់​លាប​ខ្លួន​ទេ ក៏​នឹង​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែរ តែ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​សោះ

មីកា 6