10. តើនៅតែមានទ្រព្យសម្បត្តិ ជាផលនៃការអាក្រក់នៅក្នុងផ្ទះមនុស្សអាក្រក់ និងរង្វាល់ឆកោង ដែលជាទីគួរស្អប់ខ្ពើមឬអី
11. តើត្រូវឲ្យអញប្រព្រឹត្តដោយបរិសុទ្ធ ចំពោះជញ្ជីងដែលអាក្រក់ និងថង់ពេញដោយកូនជញ្ជីងឆកោងឬ
12. ដ្បិតមនុស្សអ្នកមាននៅក្នុងទីក្រុង គេពេញដោយអំពើច្រឡោត ហើយពួកអ្នកអាស្រ័យនៅក្នុងក្រុង គេពោលកុហកទទេ អណ្តាតនៅក្នុងមាត់គេក៏ជាគ្រឿងឆបោកដែរ
13. ហេតុនោះអញបានវាយឯងឲ្យរបួសយ៉ាងធ្ងន់ ហើយបានធ្វើឲ្យឯងខូចបង់ ព្រោះអំពើបាបរបស់ឯង
14. ឯងនឹងស៊ីតែមិនបានឆ្អែតទេ សេចក្តីស្រេកឃ្លាននឹងនៅកណ្តាលឯង ឯងនឹងសន្សំទុក តែមិនគង់នៅទេ ឯរបស់អ្វីដែលឯងទុកបាន នោះអញនឹងប្រគល់ដល់ដាវវិញ
15. ឯងនឹងសាបព្រោះទៅ តែមិនបានច្រូតកាត់ឡើយ ឯងនឹងជាន់ផ្លែអូលីវ តែមិនបានប្រេងសំរាប់លាបខ្លួនទេ ក៏នឹងបេះផ្លែទំពាំងបាយជូរដែរ តែមិនបានផឹកស្រាទំពាំងបាយជូរសោះ
16. ពីព្រោះមនុស្សទាំងឡាយកាន់តាមតែបញ្ញត្តច្បាប់របស់ស្តេចអំរី ព្រមទាំងតាមអស់ទាំងអំពើរបស់ពួកវង្សស្តេចអ័ហាប់ផង ឯងរាល់គ្នាតែងដើរតាមសេចក្តីប្រឹក្សារបស់គេដែរ ឲ្យអញបានធ្វើឲ្យឯងត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅក្នុងឯង ត្រឡប់ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ឯងនឹងត្រូវរងទ្រាំសេចក្តីត្មះតិះដៀលនៃរាស្ត្រអញ។