1. ចូរឲ្យអ្នករាល់គ្នាស្តាប់សេចក្តីដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឥឡូវថា ចូរក្រោកឡើង អង្វរនៅមុខភ្នំធំទាំងឡាយចុះ ហើយបន្លឺឲ្យភ្នំតូចទាំងប៉ុន្មានឮសំឡេងឯងផង
2. ម្នាលភ្នំទាំងឡាយ និងឯងរាល់គ្នា ជាឫសនៃផែនដីដ៏ស្ថិតស្ថេរអើយ ចូរស្តាប់រឿងក្តីរបស់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាបានកើតក្តីនឹងរាស្ត្រទ្រង់ គឺទ្រង់នឹងតវ៉ានឹងពួកអ៊ីស្រាអែល
3. ឱរាស្ត្រអញអើយ តើអញបានធ្វើអ្វីដល់ឯង តើអញបានធ្វើឲ្យឯងធុញទ្រាន់ដោយសារអ្វី ចូរធ្វើបន្ទាល់ទាស់នឹងអញចុះ
4. ដ្បិតអញបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមក ក៏លោះឯងចេញពីផ្ទះរបស់ពួកបាវបំរើ ហើយបានចាត់ម៉ូសេ អើរ៉ុន និងម៉ារាមឲ្យនាំមុខឯង
5. ឱរាស្ត្រអញអើយ ឥឡូវនេះ ចូរនឹកចាំពីកិច្ចឧបាយដែលបាឡាក ស្តេចម៉ូអាប់ បានបង្កើត ហើយពីសេចក្តីដែលបាឡាម ជាកូនបេអ៊របានឆ្លើយតបជាយ៉ាងណា ហើយនឹកពីដំណើរដែលឯងដើរ ចាប់តាំងពីស៊ីទីម រហូតដល់គីលកាល ដើម្បីឲ្យឯងបានស្គាល់អស់ទាំងកិច្ចការសុចរិតរបស់ព្រះយេហូវ៉ាចុះ។
6. តើត្រូវឲ្យខ្ញុំយកអ្វី ដើម្បីចូលទៅចំពោះព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំនៅមុខព្រះដ៏ខ្ពស់ តើត្រូវឲ្យខ្ញុំយកដង្វាយដុត ជាកូនគោអាយុ១ខួប ដើម្បីចូលទៅចំពោះទ្រង់ឬ
7. តើព្រះយេហូវ៉ាទ្រង់នឹងសព្វព្រះហឫទ័យ ដោយចៀមទាំងពាន់ ឬដោយប្រេងទាំងម៉ឺនទន្លេឬអី តើត្រូវឲ្យខ្ញុំថ្វាយកូនច្បងខ្ញុំ ឲ្យបានធួននឹងអំពើរំលងដែលខ្ញុំប្រព្រឹត្ត គឺជាផលនៃរូបកាយខ្ញុំ ឲ្យបានធួននឹងបាបនៃព្រលឹងខ្ញុំឬ