1. តែឯង ឱបេថ្លេហិម-អេប្រាតាអើយ ឯងដែលតូចនៅក្នុងពួកយូដាទាំងពាន់ៗ នឹងមានម្នាក់កើតចេញពីឯងមកឲ្យអញ អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នកនោះបានចាប់តាំងពីបុរាណ គឺពីអស់កល្បរៀងមក
2. ដូច្នេះ អ្នកនោះនឹងប្រគល់គេទៅដរាបដល់កំណត់នៃនាង ដែលឈឺនឹងសំរាលបានកើតកូនមក នោះសំណល់នៃពួកបងប្អូនរបស់អ្នកនោះ នឹងបានវិលត្រឡប់មកឯពួកកូនចៅអ៊ីស្រាអែលវិញ
3. អ្នកនោះនឹងឈរឡើងឃ្វាលហ្វូងចៀមរបស់ខ្លួន ដោយសារឥទ្ធិឫទ្ធិនៃព្រះយេហូវ៉ា និងឫទ្ធានុភាពរបស់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃខ្លួន នោះគេនឹងស្ថិតស្ថេរនៅ ដ្បិតអ្នកនោះនឹងបានជាធំ រហូតដល់ចុងផែនដីបំផុត
4. អ្នកនោះនឹងបានជាទីក្សេមក្សាន្តដល់យើង ដូច្នេះកាលណាពួកអាសស៊ើរលុកលុយ ចូលក្នុងស្រុកយើង ឬបើកាលណាគេដាក់ជើងចូលមកក្នុងដំណាក់យើង នោះយើងនឹងលើកពួកអ្នកគង្វាល៧នាក់ និងពួកជាប្រធាន៨នាក់ឲ្យទាស់នឹងគេ
5. ពួកនោះនឹងបំផ្លាញស្រុកអាសស៊ើរដោយដាវ និងស្រុកនីមរ៉ូឌត្រង់ទ្វារស្រុកគេផង អ្នកនោះនឹងដោះឲ្យយើងរួចពីពួកសាសន៍អាសស៊ើរ ក្នុងកាលដែលគេទន្ទ្រានចូលក្នុងស្រុកយើង ឬបើកាលណាគេដាក់ជើង មកក្នុងព្រំស្រុករបស់យើងដែរ
6. គ្រានោះ សំណល់នៃពួកយ៉ាកុប នឹងនៅកណ្តាលសាសន៍ជាច្រើន ទុកដូចជាទឹកសន្សើមមកពីព្រះយេហូវ៉ា ហើយដូចទឹកភ្លៀងរ៉ុយៗនៅលើស្មៅ ដែលមិនរង់ចាំមនុស្សទេ ក៏មិនសង្ឃឹមដល់មនុស្សជាតិដែរ
7. ហើយសំណល់នៃពួកយ៉ាកុបនឹងនៅកណ្តាលប្រទេសដទៃ គឺនៅក្នុងសាសន៍ផ្សេងៗជាច្រើន ដូចជាសិង្ហនៅកណ្តាលពួកសត្វព្រៃ គឺដូចជាសិង្ហស្ទាវ នៅកណ្តាលហ្វូងចៀមជាសត្វដែលកាលណាដើរកាត់កណ្តាលហ្វូង នោះក៏ជាន់ឈ្លី ហើយហែកហួរ ឥតមានអ្នកណាសំរាប់នឹងជួយឲ្យរួចឡើយ
8. យ៉ាងនោះដៃឯងនឹងបានលើកឡើងលើពួកដែលតតាំងនឹងឯង ហើយពួកខ្មាំងសត្រូវរបស់ឯងនឹងត្រូវកាត់ចេញទៅ។