1. វេទនាដល់ពួកអ្នកដែលគិតគូរអំពើទុច្ចរិត ហើយបង្កើតការអាក្រក់ នៅលើដំណេករបស់ខ្លួន លុះព្រឹកភ្លឺឡើង នោះគេធ្វើការនោះទៅ ពីព្រោះគេមានកំឡាំងដៃនឹងធ្វើបាន
2. គេលោភចង់បានស្រែចំការ ក៏ដណ្តើមយកបាន ព្រមទាំងផ្ទះផង ហើយរឹបយកទៅ គេសង្កត់សង្កិនទាំងមនុស្ស និងផ្ទះរបស់គេ គឺជាមនុស្ស និងមរដករបស់គេដែរ
3. ហេតុនោះ ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញក៏គិតគូរបង្កើតការអាក្រក់ទាស់នឹងគ្រួសារនេះដែរ ជាការដែលឯងរាល់គ្នានឹងមិនដែលដកកចេញបានឡើយ ឯងរាល់គ្នាក៏នឹងមិនដើរ ដោយវាយឫកទៀតដែរ ដ្បិតគ្រានោះនឹងបានជាគ្រាអាក្រក់
4. នៅថ្ងៃនោះ គេនឹងចាប់តាំងប្រើពាក្យប្រៀបធៀបចាក់ដោតឯង ហើយនឹងទួញទំនួញយ៉ាងអាក់អួលដោយពាក្យថា យើងរាល់គ្នាត្រូវបំផ្លាញអស់រលីងហើយ ព្រះទ្រង់បានផ្លាស់មរដករបស់សាសន៍ខ្ញុំ អើ ទ្រង់បានដករើចេញពីខ្ញុំយ៉ាងណាហ្ន៎ ទ្រង់បានចែកស្រែចំការរបស់យើង ឲ្យដល់ពួកអ្នកបះបោរវិញ
5. ដូច្នេះ ឯងនឹងមិនមានអ្នកណាសំរាប់កាន់ខ្សែវាស់តាមឆ្នោត នៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាឡើយ។
6. គេថា កុំឲ្យទាយឲ្យសោះ អើ ពួកហោរានឹងលែងទាយដល់ពួកយ៉ាងនេះហើយ តែសេចក្តីដំនៀលនឹងមិនផុតឡើយ