6. ដូច្នេះ អញនឹងធ្វើឲ្យក្រុងសាម៉ារីបានដូចជាគំនរនៅទីវាល ជាកន្លែងសំរាប់ធ្វើចំការទំពាំងបាយជូរ អញនឹងចាក់ថ្មទាំងប៉ុន្មាននៃទីក្រុងទៅក្នុងច្រកភ្នំ ហើយនឹងបើកឲ្យឃើញឫសជញ្ជាំង
7. នោះអស់ទាំងរូបឆ្លាក់របស់គេ នឹងត្រូវវាយបំបែកខ្ទេចខ្ទីទៅ ឯអស់ទាំងរង្វាន់ឈ្នួលរបស់វានឹងត្រូវដុតដោយភ្លើង អញនឹងបំផ្លាញអស់ទាំងរបស់គេបង់ ពីព្រោះគេបានសន្សំអស់ទាំងរូបនោះ ដោយសាររង្វាន់ឈ្នួលរបស់ស្រីសំផឹង ហើយវានឹងត្រូវត្រឡប់ជារង្វាន់ឈ្នួលរបស់ស្រីសំផឹងវិញទៀត។
8. ដោយហេតុនេះបានជាខ្ញុំនឹងសោយសោក ហើយទ្រហោយំ ខ្ញុំនឹងដើរដោយជើងទទេ ហើយកាយអាក្រាត ខ្ញុំនឹងស្រែកលូដូចជាស្វាន ហើយនឹងយំរងំដូចជាអូសទ្រីច
9. ដ្បិតរបួសនៃក្រុងសាម៉ារីនឹងមើលមិនជាឡើយ ពីព្រោះបានរាលរហូតដល់ស្រុកយូដាផង ក៏ដល់ទ្វារក្រុងសាសន៍ខ្ញុំ គឺជាក្រុងយេរូសាឡិមដែរ។
10. កុំឲ្យថ្លែងប្រាប់រឿងនេះនៅក្រុងកាថឡើយ ក៏កុំឲ្យយំឲ្យសោះ ចូរឲ្យឯងននៀលខ្លួននៅក្នុងធូលីដីត្រង់បេតលេ-អាប្រាចុះ
11. ឱពួកអ្នកក្រុងសាភាអើយ ចូរដើរបង្ហួសទៅ ដោយខ្លួនអាក្រាត ហើយមានសេចក្តីខ្មាសចុះ ពួកអ្នកនៅត្រង់ស្អាណាន មិនបានចេញមកសោះ ការយំសោកនឹងបេត-អេតសែល នឹងដកទីពឹងរបស់ឯងរាល់គ្នាចេញ
12. ដ្បិតពួកអ្នកនៅម៉ារូតទន្ទឹងចាំសេចក្តីល្អ ពីព្រោះសេចក្តីអាក្រក់បានចុះពីព្រះយេហូវ៉ា មកដល់ទ្វារក្រុងយេរូសាឡិមហើយ
13. ឱពួកអ្នកនៅក្រុងឡាគីសអើយ ចូរទឹមរទេះដោយសេះយ៉ាងលឿន ឯងជាដើមចមនៃអំពើបាបដល់កូនស្រីស៊ីយ៉ូន ដ្បិតអំពើរំលងទាំងប៉ុន្មានរបស់ពួកអ៊ីស្រាអែលបានឃើញមាននៅក្នុងឯង
14. ដូច្នេះ ឯងនឹងលះលែងក្រុងម៉ូរ៉ាស៊ីត-កាថបង់ ឯផ្ទះអាក់ស៊ីបទាំងប៉ុន្មាននោះនឹងបាននៅជាសេចក្តីកំភូត ដល់ពួកស្តេចអ៊ីស្រាអែល
15. ឱអ្នកក្រុងម៉ារីសាអើយ នៅ១ដងទៀត អញនឹងនាំម្នាក់មកឯឯង ដែលនឹងធ្វើជាម្ចាស់លើឯង សិរីល្អនៃអ៊ីស្រាអែលនឹងមកដល់អាឌូឡាម
16. ចូរកោររំលីងនៅកំពូលក្បាល ហើយកាត់សក់ចុះ ដោយព្រោះកូនចៅជាទីគាប់ចិត្តរបស់ឯង ចូរពង្រីកកន្លែងកោររំលីងនោះឲ្យធំឡើងដូចជាឥន្ទ្រី ពីព្រោះវារាល់គ្នាបានព្រាត់ប្រាសចាកចេញពីឯងទៅជាឈ្លើយអស់ហើយ។