1. នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់មីកាជាពួកម៉ូរ៉ាស៊ីត នៅក្នុងរាជ្យនៃយ៉ូថាម អេហាស និងហេសេគា ជាស្តេចយូដា ជាសេចក្តីដែលលោកបានឃើញពីដំណើរក្រុងសាម៉ារី ហើយនឹងក្រុងយេរូសាឡិម។
2. ម្នាលជនជាតិទាំងឡាយអើយ ចូរស្តាប់ទាំងអស់គ្នាចុះ ឱផែនដី និងសព្វសារពើដែលនៅផែនដីអើយ ចូរប្រុងស្តាប់ចុះ ហើយបើកឱកាសឲ្យព្រះអម្ចាស់យេហូវ៉ា ធ្វើបន្ទាល់ទាស់នឹងឯងរាល់គ្នា គឺឲ្យព្រះអម្ចាស់ធ្វើបន្ទាល់ពីព្រះវិហារបរិសុទ្ធរបស់ទ្រង់
3. ដ្បិតមើល ព្រះយេហូវ៉ា ទ្រង់កំពុងយាងចេញពីទីកន្លែងរបស់ទ្រង់ ក៏នឹងយាងចុះមកជាន់លើទីខ្ពស់ទាំងប៉ុន្មាននៃផែនដីដែរ
4. អស់ទាំងភ្នំនឹងរលាយពីក្រោមទ្រង់ទៅ ឯច្រកភ្នំទាំងប៉ុន្មាន នឹងសញ្ជែកចេញ ដូចជាក្រមួនដែលត្រូវភ្លើង ហើយដូចទឹកដែលចាក់ចុះតាមទីចោត
5. នេះគឺដោយព្រោះអំពើរំលងរបស់ពួកយ៉ាកុប និងអំពើបាបរបស់ពួកវង្សអ៊ីស្រាអែល អំពើរំលងរបស់ពួកយ៉ាកុបនោះជាអ្វី តើមិនមែនជាក្រុងសាម៉ារីទេឬអ្វី ហើយអស់ទាំងទីខ្ពស់របស់ពួកយូដាជាអ្វី តើមិនមែនជាក្រុងយេរូសាឡិមទេឬអី