11. ហើយឲ្យគ្រប់ទាំងអណ្តាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សំរាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា។
12. បានជា ឱពួកស្ងួនភ្ងាអើយ ចូរបង្ហើយសេចក្តីសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ ដូចជាបានស្តាប់បង្គាប់ខ្ញុំជាដរាបរៀងមកដែរ មិនមែនតែកាលខ្ញុំនៅជាមួយប៉ុណ្ណោះទេ សូម្បីឥឡូវនេះដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង
13. ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណងចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ
14. ចូរធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែរ ឥតប្រកែក
15. ប្រយោជន៍ឲ្យអ្នករាល់គ្នាបានឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាននៅក្នុងដំណមនុស្សវៀច ហើយខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្តាលគេ ដូចជាតួពន្លឺនៅក្នុងលោក
16. ទាំងហុចព្រះបន្ទូលនៃជីវិតដល់គេ ដើម្បីដល់ថ្ងៃនៃព្រះគ្រីស្ទ នោះឲ្យខ្ញុំបានសេចក្តីអំនួតអួតថា ខ្ញុំមិនបានរត់ ឬខំប្រឹងធ្វើការជាឥតប្រយោជន៍ឡើយ
17. ប៉ុន្តែ បើសិនជាត្រូវច្រួចខ្ញុំចេញលើយញ្ញបូជា និងការជំនួយរបស់សេចក្តីជំនឿនៃអ្នករាល់គ្នា នោះខ្ញុំក៏អរ ហើយមានសេចក្តីអំណរជាមួយនឹងអ្នករាល់គ្នាទាំងអស់ដែរ
18. ចូរឲ្យអ្នករាល់គ្នាមានសេចក្តីអំណរយ៉ាងនោះ ហើយអរសប្បាយ ជាមួយនឹងខ្ញុំផង។
19. ខ្ញុំសង្ឃឹម ដោយនូវព្រះអម្ចាស់យេស៊ូវថា បន្តិចទៀត ខ្ញុំនឹងចាត់ធីម៉ូថេមកឯអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំបានក្សាន្តចិត្តឡើង ដោយបានដឹងរឿងពីអ្នករាល់គ្នា
20. ដ្បិតខ្ញុំគ្មានអ្នកណាមានគំនិតដូចជាគាត់ ដែលនឹងយកចិត្តទុកដាក់ក្នុងការរបស់អ្នករាល់គ្នា ដោយស្មោះត្រង់នោះទេ
21. ពីព្រោះមនុស្សទាំងអស់ គេរកតែប្រយោជន៍ផ្ទាល់ខ្លួន មិនរកប្រយោជន៍ដល់ព្រះយេស៊ូវគ្រីស្ទទេ
22. តែអ្នករាល់គ្នាស្គាល់កិរិយារបស់គាត់ហើយ ថាគាត់បានបំរើនៅជាមួយនឹងខ្ញុំក្នុងដំណឹងល្អ ដូចជាកូនបំរើឪពុក
23. ដូច្នេះ កាលណាខ្ញុំបានឃើញថា រឿងខ្ញុំនឹងសំរេចជាយ៉ាងណា នោះខ្ញុំសង្ឃឹមថា នឹងចាត់គាត់មកភ្លាម
24. ហើយខ្ញុំជឿប្រាកដ ដោយសារព្រះអម្ចាស់ថា បន្តិចទៀត ខ្លួនខ្ញុំនឹងមកដែរ។
25. ខ្ញុំបានយល់ឃើញថា ត្រូវចាត់អេប៉ាប្រូឌីតមកឯអ្នករាល់គ្នាដែរ គាត់ជាបងប្អូន ជាគូកនធ្វើការ ហើយធ្វើទាហានជាមួយនឹងខ្ញុំ ដែលអ្នករាល់គ្នាបានចាត់គាត់ទៅ ឲ្យជួយផ្គត់ផ្គង់សេចក្តីដែលខ្ញុំត្រូវការ
26. គាត់រឭកដល់អ្នករាល់គ្នាជាខ្លាំង ហើយមានចិត្តព្រួយណាស់ ដោយព្រោះអ្នករាល់គ្នាបានឮថា គាត់ឈឺ
27. គាត់បានឈឺមែនស្ទើរតែនឹងស្លាប់ផង តែព្រះទ្រង់អាណិតមេត្តាដល់គាត់ មិនមែនដល់គាត់តែ១ គឺដល់ខ្ញុំដែរ ដើម្បីមិនឲ្យខ្ញុំកើតទុក្ខជាខ្ជាន់ៗឡើយ