1. ដូច្នេះ បើសិនជាមានសេចក្តីដាស់តឿនណាក្នុងព្រះគ្រីស្ទ ឬសេចក្តីកំសាន្តណារបស់ផងសេចក្តីស្រឡាញ់ ឬសេចក្តីប្រកបណាផងព្រះវិញ្ញាណ ឬសេចក្តីថ្និតថ្នម និងសេចក្តីអាណិតអាសូរណា
2. នោះចូរបំពេញសេចក្តីអំណររបស់ខ្ញុំ ដោយអ្នករាល់គ្នាមានគំនិត មានសេចក្តីស្រឡាញ់តែ១ ទាំងរួបរួមចិត្តគ្នា ហើយគិតតែផ្លូវ១ដូចគ្នាចុះ
3. កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្តីអំនួតឥតប្រយោជន៍ឡើយ តែចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ
4. កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង
5. ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ
6. ដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ គង់តែមិនបានរាប់សេចក្តីស្មើនឹងព្រះនោះ ទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយ
7. គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង
8. ហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់ឈើឆ្កាងផង
9. ដោយហេតុនោះបានជាព្រះបានលើកទ្រង់ឡើងយ៉ាងខ្ពស់ ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរ លើសជាងអស់ទាំងនាមផង
10. ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី ហើយនៅក្រោមផែនដីត្រូវលុតចុះ