5. ដោយព្រោះចំណែកដែលអ្នករាល់គ្នាបានជួយក្នុងដំណឹងល្អ ចាប់តាំងពីថ្ងៃមុនដំបូង ដរាបដល់ឥឡូវនេះ
6. ខ្ញុំជឿសេចក្តីនេះជាយ៉ាងជាក់ថា ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ
7. គួរគប្បីឲ្យខ្ញុំគិតពីអ្នករាល់គ្នាដូច្នេះដែរ ពីព្រោះអ្នករាល់គ្នានឹកពីខ្ញុំនៅជាប់ក្នុងចិត្តជានិច្ច ទោះបើខ្ញុំជាប់ចំណង ឬកំពុងតែដោះសា ហើយបញ្ជាក់ដំណឹងល្អក្តី ដ្បិតអ្នករាល់គ្នាមានសេចក្តីប្រកប ក្នុងព្រះគុណជាមួយនឹងខ្ញុំដែរ
8. ព្រះទ្រង់ជាស្មរបន្ទាល់ពីខ្ញុំថា ខ្ញុំរឭកដល់អ្នករាល់គ្នាជាខ្លាំង ដោយព្រះហឫទ័យសន្តោសនៃព្រះយេស៊ូវគ្រីស្ទ
9. ខ្ញុំក៏អធិស្ឋានសូមសេចក្តីនេះ គឺឲ្យសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា បានចំរើនកាន់តែច្រើនឡើង ដោយនូវសេចក្តីចេះដឹង និងយោបល់គ្រប់ជំពូក
10. ប្រយោជន៍ឲ្យអ្នករាល់គ្នាបានលមើល ឲ្យស្គាល់អស់ទាំងសេចក្តីដែលប្រសើរ ដើម្បីឲ្យបានជ្រះថ្លា ហើយឥតធ្វើឲ្យអ្នកណាអាក់អន់ចិត្តឡើយ ដរាបដល់ថ្ងៃនៃព្រះគ្រីស្ទ
11. ព្រមទាំងមានពេញជាផលនៃសេចក្តីសុចរិតដែលមកដោយសារព្រះយេស៊ូវគ្រីស្ទ សំរាប់ជាសិរីល្អ ហើយជាសេចក្តីសរសើរដល់ព្រះផង។
12. បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ នោះបានប្រែទៅជាចំរើនដល់ដំណឹងល្អវិញ
13. ដល់ម៉្លេះបានជានៅពេញក្នុងផ្ទៃវាំង និងគ្រប់កន្លែងឯទៀត គេបានដឹងច្បាស់ថា ខ្ញុំជាប់ចំណងនេះដោយព្រោះព្រះគ្រីស្ទ
14. ហើយពួកបងប្អូនច្រើនគ្នាក្នុងព្រះអម្ចាស់ ក៏បានសង្ឃឹមឡើងដោយសារចំណងខ្ញុំ ហើយគេហ៊ានផ្សាយព្រះបន្ទូលកាន់តែច្រើនឡើង ដោយឥតភ័យខ្លាច
15. មានខ្លះសំដែងពីព្រះគ្រីស្ទ ដោយចិត្តឈ្នានីស ហើយចង់ឈ្លោះប្រកែកមែន តែខ្លះ ដោយចិត្តស្មោះសរវិញ