19. ដ្បិតខ្ញុំដឹងថា ការនេះនឹងបានត្រឡប់ជាសេចក្តីសង្គ្រោះដល់ខ្ញុំវិញ ដោយអ្នករាល់គ្នាអធិស្ឋានឲ្យខ្ញុំ ហើយដោយព្រះទ្រង់ប្រទានព្រះវិញ្ញាណ នៃព្រះយេស៊ូវគ្រីស្ទមកជួយផង
20. តាមសេចក្តីដែលខ្ញុំទន្ទឹងចាំ ហើយសង្ឃឹមអស់ពីចិត្តថា ខ្ញុំមិនត្រូវខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានដំកើងព្រះគ្រីស្ទក្នុងរូបកាយខ្ញុំវិញ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងពេលឥឡូវនេះចុះ ដូចជាពីដើមរៀងមកដែរ ទោះរស់ឬស្លាប់ក្តី
21. ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺសំរាប់ព្រះគ្រីស្ទទេ ហើយដែលស្លាប់ទៅ នោះជាកំរៃវិញ
22. ប៉ុន្តែបើរស់ខាងឯសាច់ឈាម និងនាំឲ្យការខ្ញុំកើតផល នោះខ្ញុំមិនដឹងរើសយកខាងណាទេ
23. ខ្ញុំមានសេចក្តីបណ្តាលទាំងសងខាង ក៏មានចិត្តចង់ចេញទៅនៅជាមួយនឹងព្រះគ្រីស្ទ ដែលល្អជាជាងនោះផង
24. តែបើខ្ញុំនៅក្នុងសាច់ឈាមតទៅទៀត នោះមានប្រយោជន៍ដល់អ្នករាល់គ្នាជាជាង
25. ហើយដោយហេតុដែលខ្ញុំជឿសេចក្តីនោះយ៉ាងពិតប្រាកដ បានជាខ្ញុំដឹងថា ខ្ញុំនឹងនៅជាមួយនឹងអ្នករាល់គ្នាតទៅទៀត ប្រយោជន៍ឲ្យអ្នករាល់គ្នាមានជំនឿនជឿនឡើង ហើយឲ្យមានសេចក្តីអំណរ ដោយសារសេចក្តីជំនឿផង
26. ដើម្បីឲ្យអ្នករាល់គ្នាបានអួតពីខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ កាន់តែច្រើនឡើង ដោយខ្ញុំមកនៅជាមួយនឹងអ្នករាល់គ្នាម្តងទៀត។
27. ប៉ុន្តែ ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបគួរនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ ដើម្បីកាលណាខ្ញុំមកសួរ ឬនៅឃ្លាតពីអ្នករាល់គ្នាក្តី នោះគង់តែនឹងបានឮនិយាយពីដំណើរអ្នករាល់គ្នាថា អ្នករាល់គ្នាបានឈរមាំមួនហើយ ព្រមទាំងមានចិត្តមានគំនិតតែ១ ដើម្បីនឹងតតាំងជាមួយគ្នា ដោយនូវសេចក្តីជំនឿ ខាងឯដំណឹងល្អផង
28. ឥតមានភ័យខ្លាច ចំពោះពួកទាស់ទទឹងក្នុងការអ្វីឡើយ ដំណើរនោះឯង និងសំដែងពីសេចក្តីនោះបានមកពីព្រះផង
29. ដ្បិតមានឱកាសបើកឲ្យអ្នករាល់គ្នាហើយ មិនមែនឲ្យគ្រាន់តែជឿដល់ព្រះគ្រីស្ទតែប៉ុណ្ណោះទេ គឺឲ្យរងទុក្ខដោយព្រោះទ្រង់ដែរ
30. ទាំងកើតមានសេចក្តីតតាំងដដែល ដែលឃើញខ្ញុំមាន ហើយឥឡូវនេះឮថាខ្ញុំមានទៀត។