1. ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹងនឹកចាំពីការដែលកើតដល់យើងខ្ញុំរាល់គ្នា សូមទ្រង់ទតមកឲ្យឃើញសេចក្តីដែលគេត្មះតិដៀលដល់យើងខ្ញុំ
2. ចំណែកមរដករបស់យើងខ្ញុំបានបែរទៅជារបស់ពួកអ្នកដទៃ ឯផ្ទះសំបែងរបស់យើងខ្ញុំ ក៏បានទៅជារបស់សាសន៍ក្រៅហើយ
3. យើងខ្ញុំជាកូនកំព្រា ឥតមានឪពុក ម្តាយយើងខ្ញុំបានទៅជាមេម៉ាយ
4. យើងខ្ញុំផឹកទឹករបស់ខ្លួន ដោយបង់ប្រាក់ ឯឱសរបស់យើងខ្ញុំ គេក៏លក់ដល់យើងខ្ញុំដែរ
5. ពួកអ្នកដែលដេញតាម គេជិះកយើងខ្ញុំ យើងខ្ញុំក៏អស់កំឡាំងឥតមានពេលសំរាកឡើយ
6. យើងខ្ញុំបានហុចដៃទៅឯពួកសាសន៍អេស៊ីព្ទ និងពួកសាសន៍អាសស៊ើរផង ដើម្បីឲ្យបានអាហារបរិភោគ
7. ពួកអយ្យកោយើងខ្ញុំបានធ្វើបាបហើយក៏វិនាសអស់ទៅ ឯយើងខ្ញុំក៏បានត្រូវរងអំពើទុច្ចរិតរបស់គាត់ដែរ
8. មានពួកអ្នកបំរើធ្វើជាចៅហ្វាយលើយើងខ្ញុំ ឥតមានអ្នកណានឹងដោះយើងខ្ញុំឲ្យរួចពីកណ្តាប់ដៃគេឡើយ
9. យើងខ្ញុំបានអាហារមក ដោយប្រថុយជីវិតចំពោះដាវនៅទីរហោស្ថាន
10. ស្បែកយើងខ្ញុំក្តៅដូចជាជើងក្រាន ដោយព្រោះកំដៅនៃការអត់ឃ្លាន
11. គេបានចាប់កំហែងពួកស្រីនៅក្រុងស៊ីយ៉ូន និងពួកក្រមុំៗនៅអស់ទាំងទីក្រុងនៃស្រុកយូដា