3. ទោះទាំងមេស្វានក៏បើកដោះឲ្យកូនបៅដែរ តែឯកូនស្រីរបស់សាសន៍ខ្ញុំវិញ នោះមានចិត្តខ្មៅ ដូចជាសត្វអូសទ្រីចនៅទីរហោស្ថាន
4. អណ្តាតរបស់កូន ដែលនៅបៅ បានជាប់នៅក្រអូមមាត់ដោយស្រេក កូនតូចៗវាសូមនំបុ័ង តែគ្មានអ្នកណាកាច់ហុចឲ្យវាឡើយ
5. ពួកអ្នកដែលធ្លាប់បរិភោគតាមរបៀបរុងរឿង គេស្រងល់ស្រងាកនៅកណ្តាលផ្លូវ ពួកអ្នកដែលធ្លាប់ស្លៀកពាក់សំពត់ពណ៌ស្វាយ គេនៅក្បែរគំនរអាចម៍សត្វវិញ
6. ដ្បិតសេចក្តីទុច្ចរិតរបស់កូនស្រីនៃសាសន៍ខ្ញុំបានធ្ងន់ជាងអំពើបាបរបស់ក្រុងសូដុំមទៅទៀត ជាទីក្រុងដែលត្រូវបំផ្លាញក្នុង១រំពេច ឥតមានដៃអ្នកណាធ្វើឡើយ
7. ពួកអ្នកមានត្រកូលខ្ពស់ នៅក្នុងទីក្រុង គេបរិសុទ្ធជាងហិមៈ គេសស្អាតជាងទឹកដោះគោ សម្បុរគេឡើងក្រហមជាងត្បូងទទឹមទៅទៀត ហើយរាងកាយគេក៏ភ្លឺដូចជាត្បូងកណ្តៀង
8. ឥឡូវនេះមុខគេខ្មៅជាងធ្យូងវិញ គ្មានអ្នកណាស្គាល់គេតាមផ្លូវទេ ស្បែកគេជាប់នឹងឆ្អឹង ក៏ស្វិតក្រៀមដូចជារំកាច់ឈើ
9. ពួកអ្នកដែលស្លាប់ដោយដាវ នោះវិសេសជាជាងពួកអ្នក ដែលស្លាប់ដោយស្រេកឃ្លានដ្បិតពួក១នេះ គេហេវទៅ ហើយត្រូវស្លាប់ ដោយខ្វះខាតស្បៀងអាហារ
10. ពួកស្រីៗដែលមានចិត្តទន់សន្តោសបានស្ងោរកូនខ្លួនស៊ី ដោយដៃខ្លួនឯង កូនទាំងនោះជាអាហារដល់គេ ក្នុងគ្រាបំផ្លាញកូនស្រីនៃសាសន៍ខ្ញុំ
11. ព្រះយេហូវ៉ាទ្រង់បានសំរេចសេចក្តីក្រោធរបស់ទ្រង់ ក៏បានចាក់សេចក្តីខ្ញាល់ដ៏សហ័សរបស់ទ្រង់ចេញហើយ ទ្រង់បានបង្កាត់ភ្លើង នៅក្នុងក្រុងស៊ីយ៉ូន ជាភ្លើងដែលឆេះដល់ទាំងឫសជញ្ជាំងផង