បរិទេវ 3:9-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ទ្រង់​បាន​យក​ថ្ម​ដាប់​ធ្វើ​កំផែង​រាំង​ផ្លូវ​ខ្ញុំ ហើយ​បាន​ធ្វើ​ឲ្យ​ផ្លូវ​ច្រក​ខ្ញុំ​វៀច​ទាំង​អស់

10. ទ្រង់​ប្រៀប​ដូច​ជា​ខ្លា‌ឃ្មុំ​ដែល​លប​សង្គ្រុប ហើយ​ដូច​ជា​សិង្ហ​នៅ​ទី​ស្ងាត់​កំបាំង​ដល់​ខ្ញុំ

11. ទ្រង់​បាន​បង្វែរ​អស់​ទាំង​ផ្លូវ​របស់​ខ្ញុំ ក៏​ហែក​ខ្ញុំ​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​បាន​ឲ្យ​ខ្ញុំ​ត្រមោច​នៅ

12. ទ្រង់​បាន​យឹត​ធ្នូ ហើយ​តាំង​ខ្ញុំ​ទុក​ជា​វង់​សំរាប់​ព្រួញ

13. ទ្រង់​បាន​ធ្វើ​ឲ្យ​តួ​ព្រួញ​ពី​បំពង់​ទ្រង់​ទំលុះ​ថ្លើម​ខ្ញុំ

14. ខ្ញុំ​បាន​ទៅ​ជា​ទី​សំណើច​ដល់​ជន‌ជាតិ​ទាំង‌ឡាយ​របស់​ខ្ញុំ ហើយ​ជា​បទ​ចំរៀង​របស់​គេ​ជានិច្ច​រាល់​ថ្ងៃ

15. ទ្រង់​បាន​ចំអែត​ខ្ញុំ ដោយ​សេចក្តី​ជូរ​ចត់ ព្រម​ទាំង​ឲ្យ​ខ្ញុំ​ស្រវឹង​ដោយ​ស្លែង​ផង

16. ទ្រង់​បាន​បំបាក់​ធ្មេញ​ខ្ញុំ​ដោយ​ក្រួស ហើយ​បាន​ព្រលាំង​ខ្ញុំ​ដោយ​ផេះ

17. ហើយ​ទ្រង់​បោះ‌បង់​ចោល​ព្រលឹង​របស់​ខ្ញុំ ឆ្ងាយ​ចេញ​ពី​សេចក្តី​សុខ​ទៅ ខ្ញុំ​បាន​ភ្លេច​សេចក្តី​ចំរើន​ហើយ

18. ខ្ញុំ​បាន​ថា កំឡាំង​ខ្ញុំ​សូន្យ​បាត់​អស់​ទៅ សេចក្តី​សង្ឃឹម​របស់​ខ្ញុំ​ក៏​ផុត​ចាក​ពី​ព្រះ‌យេហូវ៉ា​ហើយ។

19. ខ្ញុំ​នឹក​ចាំ​ពី​សេចក្តី​ទុក្ខ​លំបាក និង​ពី​សេចក្តី​វេទនា​របស់​ខ្ញុំ ព្រម​ទាំង​ស្លែង និង​ថ្នាំ​ពុល​ផង

20. ព្រលឹង​ខ្ញុំ​នៅ​តែ​ចាំ​បាន​នៅ​ឡើយ ហើយ​ក៏​ឱន​ចុះ​នៅ​ក្នុង​ខ្លួន​ខ្ញុំ

21. តែ​ខ្ញុំ​នឹក​ឡើង​វិញ​ពី​សេចក្តី​នេះ បាន​ជា​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​ឡើង

22. គឺ​នឹក​ពី​សេចក្តី​នេះ​ថា កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តា‌ករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ

23. សេចក្តី​ទាំង​នោះ ចេះ​តែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះ‌ត្រង់​របស់​ទ្រង់​ធំ​ណាស់

24. ព្រលឹង​ខ្ញុំ​បាន​ពោល​ថា ព្រះ‌យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ ហេតុ​នោះ​ខ្ញុំ​នឹង​សង្ឃឹម​ដល់​ទ្រង់

25. ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ដល់​អស់​អ្នក​ដែល​រង់‌ចាំ​ទ្រង់ គឺ​ដល់​ព្រលឹង​នៃ​អ្នក​ណា​ដែល​ស្វែង​រក​ទ្រង់

បរិទេវ 3