26. បើមនុស្សនឹងសង្ឃឹមដល់ ហើយរង់ចាំសេចក្តីសង្គ្រោះរបស់ព្រះយេហូវ៉ា ឥតបារម្ភព្រួយ នោះល្អហើយ
27. ឯការដែលមនុស្សទទួលរងនឹម ក្នុងកាលដែលនៅវ័យក្មេង នោះក៏ល្អដែរ
28. អ្នកនោះនឹងអង្គុយតែឯង ហើយនៅមាត់ស្ងៀម ពីព្រោះគឺទ្រង់ដែលដាក់នឹមលើខ្លួន
29. អ្នកនោះនឹងព្រមដាក់មាត់ចុះក្នុងធូលីដី បើប្រសិនជានឹងមានទីសង្ឃឹមបាន
30. ក៏នឹងបែរកំផ្លៀងទៅឲ្យដល់អ្នកដែលទះខ្លួន ហើយនឹងទ្រាំឲ្យបានពេញ ដោយសេចក្តីត្មះតិះដៀល
31. ដ្បិតព្រះអម្ចាស់ ទ្រង់មិនបោះបង់ចោលនៅជាដរាបទេ
32. តែទោះបើទ្រង់ធ្វើទុក្ខក៏ដោយ គង់តែទ្រង់នឹងអាណិតមេត្តា ដោយសេចក្តីសប្បុរសដ៏បរិបូររបស់ទ្រង់ដែរ
33. ពីព្រោះទ្រង់មិនធ្វើទុក្ខ ឬឲ្យមនុស្សជាតិត្រូវវេទនា ដោយស្ម័គ្រពីព្រះហឫទ័យទេ
34. ឯការដែលជាន់ឈ្លីពួកឈ្លើយនៅផែនដី
35. ឬបង្វែរសេចក្តីយុត្តិធម៌ពីមនុស្ស នៅចំពោះព្រះដ៏ខ្ពស់បំផុត
36. ឬបង្កាច់បំភាន់មនុស្សណា ក្នុងរឿងក្តី នោះជាការដែលព្រះអម្ចាស់ទ្រង់មិនសព្វព្រះហឫទ័យឡើយ
37. បើព្រះអម្ចាស់ ទ្រង់មិនបានបង្គាប់គេ នោះតើមានអ្នកណានឹងអាចទាយទំនាយ ហើយការនោះកើតឡើងបានជាពិត
38. ឯការអាក្រក់ និងការល្អ នោះតើមិនមែនចេញពីព្រះឱស្ឋ របស់ព្រះដ៏ខ្ពស់បំផុតមកទេឬអី
39. ដូច្នេះ ហេតុអ្វីបានជាមនុស្សរស់ត្រូវត្អូញត្អែរ គឺមនុស្សណាដែលរងទោស ដោយព្រោះអំពើបាបដែលខ្លួនបានប្រព្រឹត្តដូច្នេះ។
40. ចូរយើងពិចារណា ហើយល្បងលផ្លូវដែលយើងប្រព្រឹត្ត រួចត្រឡប់បែរទៅឯព្រះយេហូវ៉ាវិញចុះ
41. ចូរឲ្យយើងដំរង់ចិត្តឡើងទៅឯព្រះ ដែលគង់នៅស្ថានសួគ៌ ជាមួយនឹងដៃយើងផង
42. យើងខ្ញុំបានរំលង ព្រមទាំងបះបោរហើយ ទ្រង់មិនបានអត់ទោសឲ្យទេ
43. ទ្រង់បានគ្រលុំអង្គ ដោយសេចក្តីខ្ញាល់ ហើយដេញតាមយើងខ្ញុំ ទ្រង់បានប្រហារជីវិត ឥតប្រណីសោះ
44. ទ្រង់បាំងអង្គដោយពពក ដើម្បីមិនឲ្យសេចក្តីអធិស្ឋានណាចូលទៅដល់បានឡើយ
45. ទ្រង់បានធ្វើឲ្យយើងខ្ញុំទៅជាកាក ហើយជាសំរាម នៅកណ្តាលអស់ទាំងសាសន៍