26. បើមនុស្សនឹងសង្ឃឹមដល់ ហើយរង់ចាំសេចក្តីសង្គ្រោះរបស់ព្រះយេហូវ៉ា ឥតបារម្ភព្រួយ នោះល្អហើយ
27. ឯការដែលមនុស្សទទួលរងនឹម ក្នុងកាលដែលនៅវ័យក្មេង នោះក៏ល្អដែរ
28. អ្នកនោះនឹងអង្គុយតែឯង ហើយនៅមាត់ស្ងៀម ពីព្រោះគឺទ្រង់ដែលដាក់នឹមលើខ្លួន
29. អ្នកនោះនឹងព្រមដាក់មាត់ចុះក្នុងធូលីដី បើប្រសិនជានឹងមានទីសង្ឃឹមបាន
30. ក៏នឹងបែរកំផ្លៀងទៅឲ្យដល់អ្នកដែលទះខ្លួន ហើយនឹងទ្រាំឲ្យបានពេញ ដោយសេចក្តីត្មះតិះដៀល
31. ដ្បិតព្រះអម្ចាស់ ទ្រង់មិនបោះបង់ចោលនៅជាដរាបទេ
32. តែទោះបើទ្រង់ធ្វើទុក្ខក៏ដោយ គង់តែទ្រង់នឹងអាណិតមេត្តា ដោយសេចក្តីសប្បុរសដ៏បរិបូររបស់ទ្រង់ដែរ
33. ពីព្រោះទ្រង់មិនធ្វើទុក្ខ ឬឲ្យមនុស្សជាតិត្រូវវេទនា ដោយស្ម័គ្រពីព្រះហឫទ័យទេ
34. ឯការដែលជាន់ឈ្លីពួកឈ្លើយនៅផែនដី
35. ឬបង្វែរសេចក្តីយុត្តិធម៌ពីមនុស្ស នៅចំពោះព្រះដ៏ខ្ពស់បំផុត
36. ឬបង្កាច់បំភាន់មនុស្សណា ក្នុងរឿងក្តី នោះជាការដែលព្រះអម្ចាស់ទ្រង់មិនសព្វព្រះហឫទ័យឡើយ