15. ទ្រង់បានចំអែតខ្ញុំ ដោយសេចក្តីជូរចត់ ព្រមទាំងឲ្យខ្ញុំស្រវឹងដោយស្លែងផង
16. ទ្រង់បានបំបាក់ធ្មេញខ្ញុំដោយក្រួស ហើយបានព្រលាំងខ្ញុំដោយផេះ
17. ហើយទ្រង់បោះបង់ចោលព្រលឹងរបស់ខ្ញុំ ឆ្ងាយចេញពីសេចក្តីសុខទៅ ខ្ញុំបានភ្លេចសេចក្តីចំរើនហើយ
18. ខ្ញុំបានថា កំឡាំងខ្ញុំសូន្យបាត់អស់ទៅ សេចក្តីសង្ឃឹមរបស់ខ្ញុំក៏ផុតចាកពីព្រះយេហូវ៉ាហើយ។
19. ខ្ញុំនឹកចាំពីសេចក្តីទុក្ខលំបាក និងពីសេចក្តីវេទនារបស់ខ្ញុំ ព្រមទាំងស្លែង និងថ្នាំពុលផង
20. ព្រលឹងខ្ញុំនៅតែចាំបាននៅឡើយ ហើយក៏ឱនចុះនៅក្នុងខ្លួនខ្ញុំ
21. តែខ្ញុំនឹកឡើងវិញពីសេចក្តីនេះ បានជាខ្ញុំមានសេចក្តីសង្ឃឹមឡើង
22. គឺនឹកពីសេចក្តីនេះថា កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ
23. សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់
24. ព្រលឹងខ្ញុំបានពោលថា ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះខ្ញុំនឹងសង្ឃឹមដល់ទ្រង់
25. ព្រះយេហូវ៉ាទ្រង់ល្អដល់អស់អ្នកដែលរង់ចាំទ្រង់ គឺដល់ព្រលឹងនៃអ្នកណាដែលស្វែងរកទ្រង់