បរិទេវ 2:8-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច​នឹង​បំផ្លាញ​កំផែង​នៃ​កូន​ស្រី​ស៊ីយ៉ូន​បង់ ក៏​បាន​លាត​ខ្សែ​រង្វាស់​ហើយ ឥត​ដក​ព្រះ‌ហស្ត​ចេញ​ពី​ការ​បំផ្លាញ​ឡើយ ទ្រង់​បាន​បណ្តាល​ឲ្យ​ទាំង​របង​សីមា និង​កំផែង ទួញ​ទំនួញ ហើយ​រោយ‌រៀវ​ទៅ​ជា​មួយ​គ្នា

9. ទ្វារ​ទី​ក្រុង​ទាំង​ប៉ុន្មាន​បាន​ស្រុត​ចុះ​ទៅ​ក្នុង​ដី ទ្រង់​បាន​បំបាក់​បំផ្លាញ​រនុក​ផង ឯ​ស្តេច និង​ពួក​ចៅ‌ហ្វាយ គេ​នៅ​កណ្តាល​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ឃ្លាត​ផុត​ពី​ក្រឹត្យ‌វិន័យ អើ ទាំង​ពួក​ហោរា​ក៏​លែង​ឃើញ​ការ​ជាក់​ស្តែង​ពី​ព្រះ‌យេហូវ៉ា​ទៀត​ដែរ

10. ពួក​ចាស់‌ទុំ​របស់​កូន​ស្រី​ស៊ីយ៉ូន គេ​អង្គុយ​នៅ​ដី ឥត​មាត់​ក​អ្វី​ឡើយ គេ​បាន​បាច​ធូលី​ដី​ទៅ​លើ​ក្បាល ហើយ​ស្លៀក​សំពត់​ធ្មៃ ពួក​ក្រមុំៗ នៃ​ក្រុង​យេរូ‌សាឡិម​ក៏​សំយុង​ក្បាល​ដល់​ដី។

11. ភ្នែក​ខ្ញុំ​រលាយ​ទៅ​ដោយ​ហូរ​រហាម ចិត្ត​ខ្ញុំ​ក៏​ទុរន់‌ទុរា ហើយ​ត្រូវ​ស្រលុង​ចុះ​ដល់​ដី​ផង ដោយ​ព្រោះ​ការ​បំផ្លាញ​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ហើយ​ដោយ​ព្រោះ​កូន​តូច និង​កូន​ដែល​នៅ​បៅ វា​សន្លប់​ទៅ​នៅ​តាម​ផ្លូវ​ទី​ក្រុង

12. វា​សួរ​ដល់​ម្តាយ​ថា តើ​អង្ករ និង​ស្រា​ទំពាំង‌បាយ‌ជូរ​នៅ​ឯ​ណា ក៏​វា​សន្លប់​ទៅ​តាម​ផ្លូវ​នៃ​ទី​ក្រុង ដូច​ជា​មនុស្ស​របួស វា​ដាច់​ខ្យល់​នៅ​លើ​ទ្រូង​ម្តាយ

13. ឱ​កូន​ស្រី​នៃ​ក្រុង​យេរូ‌សាឡិម​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​បន្ទាល់​ដល់​នាង​យ៉ាង​ណា តើ​នឹង​ធៀប​នាង​ដូច​ជា​អ្វី ឱ​កូន​ស្រី​ក្រមុំ​នៃ​ស៊ីយ៉ូន​អើយ តើ​ខ្ញុំ​នឹង​ផ្ទឹម​នាង​នឹង​អ្វី ដើម្បី​នឹង​កំសាន្ត​ចិត្ត​នាង​បាន ដ្បិត​ការ​អន្តរាយ​របស់​នាង​ធំ​ដូច​ជា​សមុទ្រ​ហើយ តើ​អ្នក​ណា​នឹង​មើល​ឲ្យ​ជា​បាន

14. ពួក​ហោរា​របស់​នាង​បាន​ឃើញ​ការ​ជាក់​ស្តែង​ក្លែង‌ក្លាយ ហើយ​ផ្តេស‌ផ្តាស គេ​មិន​បាន​បើក​ឲ្យ​ឃើញ​សេចក្តី​ទុច្ចរិត​របស់​នាង ប្រយោជន៍​នឹង​នាំ​ពួក​នាង ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​បាន​មក​វិញ​ទេ គឺ​គេ​បាន​ឃើញ​តែ​សេចក្តី​កំភូត និង​សេចក្តី​ដែល​បណ្តាល​ឲ្យ​ត្រូវ​និរទេស​វិញ​ប៉ុណ្ណោះ

15. អស់​អ្នក​ណា​ដែល​ដើរ​បង្ហួស គេ​ទះ​ដៃ​ឡក​ឲ្យ​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​គ្រវី​ក្បាល​ដល់​កូន​ស្រី​ក្រុង​យេរូ‌សាឡិម ដោយ​ពាក្យ​ថា ទី​ក្រុង​នេះ​ឬ ដែល​មនុស្ស​បាន​ហៅ​ថា​ជា​ទី​ល្អ​បំផុត ហើយ​ជា​ទី​រីក‌រាយ​ដល់​ផែនដី​ទាំង​ដុំ​មូល​នោះ

16. ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​នាង​បាន​ហា​មាត់​ធំ​ដាក់​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​សង្កៀត​ធ្មេញ ដោយ​ពាក្យ​ថា យើង​បាន​លេប​វា​បាត់​ហើយ ពិត​ប្រាកដ​ជា​ថ្ងៃ​នេះ​ហើយ ជា​ថ្ងៃ​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ ឥឡូវ​បាន​ប្រទះ បាន​ឃើញ​ហើយ

17. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ការ​ដែល​ទ្រង់​គិត​ធ្វើ ទ្រង់​បាន​សំរេច​តាម​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​បង្គាប់​ពី​ចាស់​បុរាណ គឺ​ទ្រង់​បាន​រំលំ ឥត​ប្រណី ហើយ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​មាន​សេចក្តី​អំណរ​ពី​ដំណើរ​នាង ទ្រង់​បាន​លើក​ដំកើង​ស្នែង​របស់​ពួក​ដែល​ត​តាំង​នឹង​នាង។

បរិទេវ 2