2. ព្រះអម្ចាស់ទ្រង់បានលេបអស់ទាំងទីលំនៅរបស់យ៉ាកុបបាត់ទៅ ឥតមានប្រណីឡើយ ក្នុងគ្រាដែលទ្រង់មានសេចក្តីក្រោធ នោះទ្រង់បានរំលំអស់ទាំងទីមាំមួនរបស់កូនស្រីយូដា ទ្រង់បានពង្រាប ទីទាំងនោះដល់ដី ហើយបន្ទាបបន្ថោកទាំងនគរ និងពួកចៅហ្វាយផង
3. ក្នុងគ្រាដែលទ្រង់មានសេចក្តីខ្ញាល់ ដ៏សហ័ស នោះទ្រង់បានកាត់ស្នែងរបស់អ៊ីស្រាអែលចេញ ក៏បានដកព្រះហស្តស្តាំទ្រង់ចេញពីមុខខ្មាំងសត្រូវ ហើយបានបញ្ឆេះយ៉ាកុប ដូចជាភ្លើងឆេះថ្គោលឡើងបន្សុសគ្រប់ជុំវិញ
4. ទ្រង់បានយឹតធ្នូ ដូចជាខ្មាំងសត្រូវ ទ្រង់បានលើកព្រះហស្ត ដូចជាអ្នកតតាំង ក៏បានប្រហារជីវិតនៃគ្រប់ទាំងអស់ដែលគាប់ភ្នែក ឯនៅក្នុងត្រសាលនៃកូនស្រីស៊ីយ៉ូន នោះទ្រង់បានចាក់សេចក្តីក្រោធរបស់ទ្រង់ចេញដូចជាភ្លើង
5. ព្រះអម្ចាស់ទ្រង់បានត្រឡប់ដូចជាខ្មាំងសត្រូវ ហើយបានលេបអ៊ីស្រាអែលបាត់ទៅ ទ្រង់បានលេបអស់ទាំងដំណាក់របស់គេ ហើយបំផ្លាញទីមាំមួនទាំងប៉ុន្មាន ព្រមទាំងចំរើនការសោកសៅ និងការយំទួញ ក្នុងកូនស្រីយូដាជាច្រើនឡើង
6. ទ្រង់បានកន្ត្រាក់យកព្រះពន្លារបស់ទ្រង់ចេញដោយកំឡាំង ទុកដូចជាសួនច្បារ ក៏បានបំផ្លាញទីប្រជុំរបស់ទ្រង់ចោល ព្រះយេហូវ៉ាទ្រង់បានបំភ្លេចជំនុំមុតមាំ និងថ្ងៃឈប់សំរាក ឲ្យសូនបាត់ពីក្រុងស៊ីយ៉ូនទៅ ហើយក្នុងសេចក្តីគ្នាន់ក្នាញ់របស់សេចក្តីខ្ញាល់ទ្រង់ នោះទ្រង់បានស្អប់ខ្ពើមដល់ទាំងស្តេច និងសង្ឃផង
7. ព្រះអម្ចាស់ទ្រង់បានបោះបង់ចោលអាសនារបស់ទ្រង់ ហើយបានខ្ពើមឆ្អើមចំពោះទីបរិសុទ្ធរបស់ទ្រង់ដែរ ទ្រង់បានប្រគល់អស់ទាំងកំផែងនៃព្រះរាជវាំង ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ គេបានស្រែកហ៊ោនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាដូចនៅថ្ងៃបុណ្យហ៊ឹកហ៊ាក់
8. ព្រះយេហូវ៉ាទ្រង់បានសំរេចនឹងបំផ្លាញកំផែងនៃកូនស្រីស៊ីយ៉ូនបង់ ក៏បានលាតខ្សែរង្វាស់ហើយ ឥតដកព្រះហស្តចេញពីការបំផ្លាញឡើយ ទ្រង់បានបណ្តាលឲ្យទាំងរបងសីមា និងកំផែង ទួញទំនួញ ហើយរោយរៀវទៅជាមួយគ្នា