9. ទ្រង់បានទតឃើញសេចក្តីវេទនារបស់ពួកអយ្យកោយើងខ្ញុំ នៅស្រុកអេស៊ីព្ទ ហើយបានឮសំរែក ដែលគេស្រែកនៅត្រង់សមុទ្រក្រហម
10. ក៏សំដែងទីសំគាល់ និងការអស្ចារ្យទៅលើផារ៉ោន ពួកមហាតលិក និងបណ្តាជននៃស្រុកនោះទាំងអស់ ដោយជ្រាបថា គេបានប្រព្រឹត្តនឹងពួកអយ្យកោទាំងនោះ ដោយចិត្តព្រហើន ហើយទ្រង់បានល្បីព្រះនាម ដូចមានសព្វថ្ងៃនេះ
11. ទ្រង់បានធ្វើឲ្យសមុទ្រញែកចេញជាពីរ នៅមុខអ្នកទាំងនោះ ឲ្យបានឆ្លងទៅនៅកណ្តាលសមុទ្រ ដោយដីគោក តែទ្រង់បានបោះពួកអ្នកដែលដេញតាម ចោលទៅក្នុងទីជំរៅ ដូចជាបោះថ្មទៅក្នុងទឹកដ៏មានកំឡាំង
12. មួយទៀត នៅពេលថ្ងៃ ទ្រង់បាននាំពួកអយ្យកោនោះ ដោយសារបង្គោលពពក ហើយពេលយប់ ដោយសារបង្គោលភ្លើង ដើម្បីនឹងបំភ្លឺផ្លូវដែលគេត្រូវដើរ
13. ទ្រង់បានយាងចុះមកលើភ្នំស៊ីណាយ ហើយមានព្រះបន្ទូលនឹងគេពីលើមេឃមក ព្រមទាំងប្រទានឲ្យមានច្បាប់យុត្តិធម៌ដ៏ត្រឹមត្រូវ និងក្រឹត្យវិន័យដ៏ពិត ហើយបញ្ញត្ត និងក្រឹត្យក្រមដ៏ល្អដល់គេ
14. ទ្រង់បានធ្វើឲ្យគេស្គាល់ថ្ងៃឈប់សំរាកដ៏បរិសុទ្ធរបស់ទ្រង់ ព្រមទាំងតាំងឲ្យគេមានក្រឹត្យក្រម បញ្ញត្ត និងវិន័យ ដោយសារលោកម៉ូសេ ជាអ្នកបំរើទ្រង់
15. ទ្រង់បានប្រទាននំបុ័ងពីលើមេឃមកចំអែតដល់គេ ហើយបណ្តាលឲ្យមានទឹកហូរចេញពីថ្មមក ឲ្យគេផឹក ក៏បានបង្គាប់ ឲ្យគេចូលទៅចាប់យកស្រុក ដែលទ្រង់បានស្បថថា នឹងឲ្យដល់គេ។
16. ប៉ុន្តែ គេ និងពួកអយ្យកោរបស់យើងខ្ញុំតរៀងមក បានប្រព្រឹត្ត ដោយចិត្តព្រហើន ព្រមទាំងតាំងករឹង ឥតស្តាប់តាមក្រឹត្យក្រមទាំងប៉ុន្មានរបស់ទ្រង់ទេ
17. គេមិនព្រមធ្វើតាមបង្គាប់ឡើយ ក៏មិននឹកចាំពីអស់ទាំងការអស្ចារ្យដែលទ្រង់បានធ្វើ នៅកណ្តាលពួកគេផង គឺគេបានតាំងករឹងវិញ ក្នុងគ្រាបះបោរនោះ គេបានដំរូវម្នាក់ឲ្យធ្វើជាមេ ដើម្បីនឹងនាំវិលទៅឯសណ្ឋានជាបាវបំរើវិញ
18. ទោះទាំងកាលដែលគេបានបណ្តាលទំនាស់ទ្រង់ជាខ្លាំង ដោយសិតធ្វើរូបកូនគោ ហើយនិយាយថា នេះជាព្រះរបស់យើងដែលបាននាំយើងឡើងពីស្រុកអេស៊ីព្ទ មកដូច្នេះក្តី
19. គង់តែទ្រង់មិនបានបោះបង់ចោលគេ នៅទីរហោស្ថានដែរ គឺដោយទ្រង់មានសេចក្តីមេត្តាករុណាដ៏ក្រៃលែង ឯបង្គោលពពកមិនបានថយចេញ លែងនាំផ្លូវគេនៅវេលាថ្ងៃឡើយ ហើយបង្គោលភ្លើងក៏មិនលែងបំភ្លឺគេនៅវេលាយប់ ដើម្បីនឹងបង្ហាញផ្លូវ ដែលគេត្រូវដើរដែរ
20. ទ្រង់បានប្រទានព្រះវិញ្ញាណដ៏ល្អរបស់ទ្រង់ មកបង្ហាត់បង្រៀនគេ ទ្រង់មិនដែលបង្អត់នំម៉ាន៉ាចំពោះគេទេ ហើយបានប្រទានទឹក ឲ្យគេផឹកផង
21. គឺទ្រង់បានចិញ្ចឹមគេ នៅទីរហោស្ថាន អស់៤០ឆ្នាំ គេឥតមានខ្វះខាតអ្វីឡើយ សំលៀកបំពាក់របស់គេក៏មិនដែលសឹក ហើយជើងគេមិនពុរពងដែរ
22. មួយទៀតទ្រង់បានប្រទាននគរ និងសាសន៍ផ្សេងៗ ហើយចែកស្រុកទាំងនោះដល់គេ គឺយ៉ាងនោះដែលគេបានស្រុករបស់ស៊ីហុន ជាស្រុករបស់ស្តេចក្រុងហែសបូន និងស្រុករបស់អុក ជាស្តេចស្រុកបាសាន
23. ទ្រង់ក៏ធ្វើឲ្យគេកើតកូនចំរើនឡើង ដូចជាផ្កាយនៅលើមេឃ ហើយបាននាំគេចូលមកក្នុងស្រុក ដែលទ្រង់ប្រាប់ដល់ពួកអយ្យកោថា ត្រូវឲ្យគេចូលទៅចាប់យកនេះ
24. ដូច្នេះ ពួកកូនចៅគេក៏ចូលទៅចាប់យកស្រុក ហើយទ្រង់បានបង្ក្រាបសាសន៍កាណាន ជាពួកអ្នកស្រុកនេះ នៅមុខគេ ព្រមទាំងប្រគល់ពួកនោះ និងស្តេច ហើយបណ្តាជនទាំងឡាយ មកក្នុងកណ្តាប់ដៃគេ ឲ្យបានប្រព្រឹត្តនឹងសាសន៍នោះ តាមអំពើចិត្ត
25. គេចាប់យកបានទាំងទីក្រុងមានបន្ទាយ និងស្រុកមានជីជាតិ ក៏បានផ្ទះជាច្រើន ពេញដោយរបស់ល្អគ្រប់មុខ និងអណ្តូងជីកស្រាប់ ចំការទំពាំងបាយជូរ ដំណាំអូលីវ និងដើមឈើផ្លែជាបរិបូរ យ៉ាងនោះគេបានបរិភោគឆ្អែត ហើយត្រឡប់ជាមានសាច់ធាត់ ក៏មានចិត្តរីករាយ ដោយសារសេចក្តីសប្បុរសដ៏ជាធំរបស់ទ្រង់។