30. ប៉ុន្តែទ្រង់បានអត់ទ្រាំនឹងគេជាយូរឆ្នាំ ព្រមទាំងធ្វើបន្ទាល់ដល់គេ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតលើពួកហោរា ទោះបើយ៉ាងនោះ គង់តែគេមិនផ្ទៀងត្រចៀកស្តាប់ដែរ បានជាទ្រង់ប្រគល់គេ ទៅក្នុងកណ្តាប់ដៃនៃអស់ទាំងសាសន៍របស់ស្រុកដទៃ
31. ប៉ុន្តែ ដោយព្រោះសេចក្តីមេត្តាករុណា ដ៏ក្រៃលែងរបស់ទ្រង់ បានជាទ្រង់មិនបានបំផ្លាញគេអស់រលីងទៅ ឬបោះបង់ចោលគេឡើយ ដ្បិតទ្រង់ជាព្រះដ៏មានព្រះហឫទ័យសន្តោស ហើយមេត្តាករុណា។
32. ដូច្នេះ ឱព្រះនៃយើងខ្ញុំរាល់គ្នា ជាព្រះដ៏ធំ ហើយមានឥទ្ធានុភាព ដែលគួរស្ញែងខ្លាចដល់ទ្រង់ ជាព្រះដែលរក្សាសេចក្តីសញ្ញា និងសេចក្តីសប្បុរសអើយ ឯសេចក្តីទេវនាទាំងប៉ុន្មាន ដែលបានកើតដល់យើងខ្ញុំ ព្រមទាំងស្តេច ពួកមេ ពួកសង្ឃ ពួកហោរា ពួកអយ្យកោយើងខ្ញុំ និងពួករាស្ត្ររបស់ទ្រង់ ចាប់តាំងពីគ្រាពួកស្តេចនៃស្រុកអាសស៊ើរ ដរាបដល់សព្វថ្ងៃនេះ នោះសូមទ្រង់កុំរាប់ថា ជាការតិចតួចឡើយ
33. ប៉ុន្តែក្នុងសេចក្តីទាំងប៉ុន្មាន ដែលបានកើតដល់យើងខ្ញុំ នោះទ្រង់សុចរិតទេ ដ្បិតទ្រង់បានប្រព្រឹត្តដោយស្មោះត្រង់ តែយើងខ្ញុំបានប្រព្រឹត្ត ដោយលាមកអាក្រក់វិញ
34. ទោះទាំងស្តេចនៃយើងខ្ញុំ ឬពួកមេពួកសង្ឃ និងពួកអយ្យកោ របស់យើងខ្ញុំក៏មិនបានរក្សាក្រឹត្យវិន័យរបស់ទ្រង់ ឬស្តាប់តាមក្រឹត្យក្រម និងសេចក្តីបន្ទាល់ដែលទ្រង់បានធ្វើនៅចំពោះគេដែរ
35. ពីព្រោះគេមិនបានគោរពប្រតិបត្តិដល់ទ្រង់ នៅក្នុងនគរនៃខ្លួន នៅកណ្តាលអស់ទាំងសេចក្តីល្អក្រៃលែង ដែលទ្រង់បានប្រោសដល់គេ នៅក្នុងស្រុកធំទូលាយមានជីជាតិ ដែលទ្រង់បានដាក់នៅមុខគេនោះឡើយ គេក៏មិនបានបែរចេញពីអំពើអាក្រក់របស់ខ្លួនដែរ