15. ទ្រង់បានប្រទាននំបុ័ងពីលើមេឃមកចំអែតដល់គេ ហើយបណ្តាលឲ្យមានទឹកហូរចេញពីថ្មមក ឲ្យគេផឹក ក៏បានបង្គាប់ ឲ្យគេចូលទៅចាប់យកស្រុក ដែលទ្រង់បានស្បថថា នឹងឲ្យដល់គេ។
16. ប៉ុន្តែ គេ និងពួកអយ្យកោរបស់យើងខ្ញុំតរៀងមក បានប្រព្រឹត្ត ដោយចិត្តព្រហើន ព្រមទាំងតាំងករឹង ឥតស្តាប់តាមក្រឹត្យក្រមទាំងប៉ុន្មានរបស់ទ្រង់ទេ
17. គេមិនព្រមធ្វើតាមបង្គាប់ឡើយ ក៏មិននឹកចាំពីអស់ទាំងការអស្ចារ្យដែលទ្រង់បានធ្វើ នៅកណ្តាលពួកគេផង គឺគេបានតាំងករឹងវិញ ក្នុងគ្រាបះបោរនោះ គេបានដំរូវម្នាក់ឲ្យធ្វើជាមេ ដើម្បីនឹងនាំវិលទៅឯសណ្ឋានជាបាវបំរើវិញ
18. ទោះទាំងកាលដែលគេបានបណ្តាលទំនាស់ទ្រង់ជាខ្លាំង ដោយសិតធ្វើរូបកូនគោ ហើយនិយាយថា នេះជាព្រះរបស់យើងដែលបាននាំយើងឡើងពីស្រុកអេស៊ីព្ទ មកដូច្នេះក្តី
19. គង់តែទ្រង់មិនបានបោះបង់ចោលគេ នៅទីរហោស្ថានដែរ គឺដោយទ្រង់មានសេចក្តីមេត្តាករុណាដ៏ក្រៃលែង ឯបង្គោលពពកមិនបានថយចេញ លែងនាំផ្លូវគេនៅវេលាថ្ងៃឡើយ ហើយបង្គោលភ្លើងក៏មិនលែងបំភ្លឺគេនៅវេលាយប់ ដើម្បីនឹងបង្ហាញផ្លូវ ដែលគេត្រូវដើរដែរ
20. ទ្រង់បានប្រទានព្រះវិញ្ញាណដ៏ល្អរបស់ទ្រង់ មកបង្ហាត់បង្រៀនគេ ទ្រង់មិនដែលបង្អត់នំម៉ាន៉ាចំពោះគេទេ ហើយបានប្រទានទឹក ឲ្យគេផឹកផង
21. គឺទ្រង់បានចិញ្ចឹមគេ នៅទីរហោស្ថាន អស់៤០ឆ្នាំ គេឥតមានខ្វះខាតអ្វីឡើយ សំលៀកបំពាក់របស់គេក៏មិនដែលសឹក ហើយជើងគេមិនពុរពងដែរ
22. មួយទៀតទ្រង់បានប្រទាននគរ និងសាសន៍ផ្សេងៗ ហើយចែកស្រុកទាំងនោះដល់គេ គឺយ៉ាងនោះដែលគេបានស្រុករបស់ស៊ីហុន ជាស្រុករបស់ស្តេចក្រុងហែសបូន និងស្រុករបស់អុក ជាស្តេចស្រុកបាសាន
23. ទ្រង់ក៏ធ្វើឲ្យគេកើតកូនចំរើនឡើង ដូចជាផ្កាយនៅលើមេឃ ហើយបាននាំគេចូលមកក្នុងស្រុក ដែលទ្រង់ប្រាប់ដល់ពួកអយ្យកោថា ត្រូវឲ្យគេចូលទៅចាប់យកនេះ
24. ដូច្នេះ ពួកកូនចៅគេក៏ចូលទៅចាប់យកស្រុក ហើយទ្រង់បានបង្ក្រាបសាសន៍កាណាន ជាពួកអ្នកស្រុកនេះ នៅមុខគេ ព្រមទាំងប្រគល់ពួកនោះ និងស្តេច ហើយបណ្តាជនទាំងឡាយ មកក្នុងកណ្តាប់ដៃគេ ឲ្យបានប្រព្រឹត្តនឹងសាសន៍នោះ តាមអំពើចិត្ត
25. គេចាប់យកបានទាំងទីក្រុងមានបន្ទាយ និងស្រុកមានជីជាតិ ក៏បានផ្ទះជាច្រើន ពេញដោយរបស់ល្អគ្រប់មុខ និងអណ្តូងជីកស្រាប់ ចំការទំពាំងបាយជូរ ដំណាំអូលីវ និងដើមឈើផ្លែជាបរិបូរ យ៉ាងនោះគេបានបរិភោគឆ្អែត ហើយត្រឡប់ជាមានសាច់ធាត់ ក៏មានចិត្តរីករាយ ដោយសារសេចក្តីសប្បុរសដ៏ជាធំរបស់ទ្រង់។
26. ប៉ុន្តែ គេមានចិត្តរឹងចចេស ហើយបានបះបោរនឹងទ្រង់វិញ គេបោះបង់ចោលក្រឹត្យវិន័យទ្រង់ទៅក្រោយខ្នង ហើយបានសំឡាប់ពួកហោរាទ្រង់ ដែលធ្វើបន្ទាល់ដល់គេ ដោយប្រាថ្នាចង់នាំគេមកឯទ្រង់វិញ គេក៏ប្រព្រឹត្តទំនាស់ជាខ្លាំងដែរ
27. ហេតុនោះទ្រង់បានប្រគល់គេទៅក្នុងកណ្តាប់ដៃនៃពួកសត្រូវ ដែលញាំញីសង្កត់សង្កិនគេ តែកាលគេកើតមានសេចក្តីវេទនា ហើយបានអំពាវនាវរកទ្រង់ នោះទ្រង់ក៏ឮពីលើមេឃ ហើយបានប្រទានឲ្យគេមានពួកអ្នកជួយសង្គ្រោះ ឲ្យរួចពីកណ្តាប់ដៃនៃពួកសត្រូវនោះ ដោយសេចក្តីមេត្តាករុណាដ៏ក្រៃលែងរបស់ផងទ្រង់
28. តែកាលគេមានសេចក្តីស្រាកស្រាន្តបន្តិច នោះគេបានប្រព្រឹត្តសេចក្តីអាក្រក់ នៅចំពោះទ្រង់វិញទៀត បានជាទ្រង់ទុកគេ នៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ឲ្យពួកនោះមានអំណាចលើគេ ប៉ុន្តែ កាលគេបានវិលមកអំពាវនាវរកទ្រង់ទៀត នោះទ្រង់ក៏ឮពីលើមេឃដែរ ហើយបានប្រោសឲ្យគេរួចជាច្រើនដង តាមសេចក្តីមេត្តាករុណារបស់ទ្រង់
29. ទ្រង់បានធ្វើបន្ទាល់ដល់គេ ដើម្បីនឹងនាំគេមកឯក្រឹត្យវិន័យទ្រង់វិញ ទោះបើយ៉ាងនោះ គង់តែគេបានប្រព្រឹត្តដោយចិត្តព្រហើន ឥតព្រមស្តាប់តាមក្រឹត្យក្រមនៃទ្រង់ដែរ គឺបានធ្វើបាបទទឹងច្បាប់យុត្តិធម៌របស់ទ្រង់ (ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម នោះនឹងបានរស់នៅដោយសេចក្តីនោះឯង) ហើយគេដកស្មាចេញ តាំងករឹងមិនព្រមស្តាប់តាមឡើយ
30. ប៉ុន្តែទ្រង់បានអត់ទ្រាំនឹងគេជាយូរឆ្នាំ ព្រមទាំងធ្វើបន្ទាល់ដល់គេ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតលើពួកហោរា ទោះបើយ៉ាងនោះ គង់តែគេមិនផ្ទៀងត្រចៀកស្តាប់ដែរ បានជាទ្រង់ប្រគល់គេ ទៅក្នុងកណ្តាប់ដៃនៃអស់ទាំងសាសន៍របស់ស្រុកដទៃ
31. ប៉ុន្តែ ដោយព្រោះសេចក្តីមេត្តាករុណា ដ៏ក្រៃលែងរបស់ទ្រង់ បានជាទ្រង់មិនបានបំផ្លាញគេអស់រលីងទៅ ឬបោះបង់ចោលគេឡើយ ដ្បិតទ្រង់ជាព្រះដ៏មានព្រះហឫទ័យសន្តោស ហើយមេត្តាករុណា។
32. ដូច្នេះ ឱព្រះនៃយើងខ្ញុំរាល់គ្នា ជាព្រះដ៏ធំ ហើយមានឥទ្ធានុភាព ដែលគួរស្ញែងខ្លាចដល់ទ្រង់ ជាព្រះដែលរក្សាសេចក្តីសញ្ញា និងសេចក្តីសប្បុរសអើយ ឯសេចក្តីទេវនាទាំងប៉ុន្មាន ដែលបានកើតដល់យើងខ្ញុំ ព្រមទាំងស្តេច ពួកមេ ពួកសង្ឃ ពួកហោរា ពួកអយ្យកោយើងខ្ញុំ និងពួករាស្ត្ររបស់ទ្រង់ ចាប់តាំងពីគ្រាពួកស្តេចនៃស្រុកអាសស៊ើរ ដរាបដល់សព្វថ្ងៃនេះ នោះសូមទ្រង់កុំរាប់ថា ជាការតិចតួចឡើយ
33. ប៉ុន្តែក្នុងសេចក្តីទាំងប៉ុន្មាន ដែលបានកើតដល់យើងខ្ញុំ នោះទ្រង់សុចរិតទេ ដ្បិតទ្រង់បានប្រព្រឹត្តដោយស្មោះត្រង់ តែយើងខ្ញុំបានប្រព្រឹត្ត ដោយលាមកអាក្រក់វិញ