1. ដុះដល់ថ្ងៃ២៤ ក្នុងខែនោះឯង ពួកកូនចៅអ៊ីស្រាអែល គេបានមូលគ្នាកាន់ត្រណម ដោយស្លៀកពាក់សំពត់ធ្មៃ ហើយព្រលាំងដីនៅខ្លួន
2. ឯពូជអ៊ីស្រាអែលក៏ញែកខ្លួនចេញពីពួកសាសន៍ដទៃទាំងប៉ុន្មាន ហើយឈរឡើងលន់តួអំពើបាបរបស់ខ្លួន ព្រមទាំងសេចក្តីទុច្ចរិតរបស់ពួកអយ្យកោផង
3. រួចគេឈរនៅកន្លែងគេរៀងខ្លួន ហើយពេលថ្ងៃនោះ១ភាគក្នុង៤ មានម្នាក់អានមើលក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន រួចពេល១ភាគក្នុង៤ទៀតក៏លន់តួ ព្រមទាំងថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន
4. ខណៈនោះ យេសួរ បានី អ័ឌីអែល សេបានា ប៊ូននី សេរេប៊ីយ៉ា បានី និងកេណានី ជាពួកលេវី ក៏ឈរលើថ្នាក់ជណ្តើរ បន្លឺសំឡេងអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន។
5. រួចយេសួរ កាឌមាល បានី ហាសាបនា សេរេប៊ីយ៉ា ហូឌា សេបានា និងពេថាហ៊ីយ៉ា ជាពួកលេវី គេប្រកាសថា ចូរឈរឡើង សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដែលគង់នៅអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច បានប្រកបដោយព្រះពរ ត្រូវតែសូមឲ្យព្រះនាមរបស់ទ្រង់ ជាព្រះនាមដ៏រុងរឿង បានពរដែរ ជាពរដែលខ្ពស់លើសជាងអស់ទាំងពរ និងសេចក្តីសរសើរផង
6. គឺទ្រង់តែ១ដែលជាព្រះឯកអង្គ ទ្រង់បានបង្កើតផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ ព្រមទាំងពួកពលបរិវារនៅលើនោះ និងផែនដី ហើយសមុទ្រ និងរបស់សព្វសារពើដែលនៅស្ថានទាំងនោះផង ទ្រង់ក៏ទប់ទល់ជីវិតនៃរបស់ទាំងនោះ ហើយពួកពលនៅលើមេឃ ក៏ថ្វាយបង្គំដល់ទ្រង់
7. ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ គឺទ្រង់ហើយ ដែលបានរើសអាប់រ៉ាម ព្រមទាំងនាំលោកចេញពីក្រុងអ៊ើរ របស់ពួកសាសន៍ខាល់ដេ ហើយប្រទានឲ្យលោកមានឈ្មោះជាអ័ប្រាហាំវិញ
8. ទ្រង់បានឃើញថា លោកមានចិត្តស្មោះត្រង់នៅចំពោះទ្រង់ រួចតាំងសញ្ញានឹងលោកថា នឹងប្រទានស្រុករបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍យេប៊ូស និងសាសន៍គើកាស៊ី ដល់ពូជរបស់លោក ទ្រង់ក៏បានសំរេចតាមព្រះបន្ទូលទ្រង់ហើយ ដ្បិតទ្រង់សុចរិត។
9. ទ្រង់បានទតឃើញសេចក្តីវេទនារបស់ពួកអយ្យកោយើងខ្ញុំ នៅស្រុកអេស៊ីព្ទ ហើយបានឮសំរែក ដែលគេស្រែកនៅត្រង់សមុទ្រក្រហម
10. ក៏សំដែងទីសំគាល់ និងការអស្ចារ្យទៅលើផារ៉ោន ពួកមហាតលិក និងបណ្តាជននៃស្រុកនោះទាំងអស់ ដោយជ្រាបថា គេបានប្រព្រឹត្តនឹងពួកអយ្យកោទាំងនោះ ដោយចិត្តព្រហើន ហើយទ្រង់បានល្បីព្រះនាម ដូចមានសព្វថ្ងៃនេះ
11. ទ្រង់បានធ្វើឲ្យសមុទ្រញែកចេញជាពីរ នៅមុខអ្នកទាំងនោះ ឲ្យបានឆ្លងទៅនៅកណ្តាលសមុទ្រ ដោយដីគោក តែទ្រង់បានបោះពួកអ្នកដែលដេញតាម ចោលទៅក្នុងទីជំរៅ ដូចជាបោះថ្មទៅក្នុងទឹកដ៏មានកំឡាំង
12. មួយទៀត នៅពេលថ្ងៃ ទ្រង់បាននាំពួកអយ្យកោនោះ ដោយសារបង្គោលពពក ហើយពេលយប់ ដោយសារបង្គោលភ្លើង ដើម្បីនឹងបំភ្លឺផ្លូវដែលគេត្រូវដើរ