2. ក៏និយាយនៅមុខពួកបងប្អូនខ្លួន និងពួកពលទ័ពស្រុកសាម៉ារីថា ពួកយូដាកំសោយនេះធ្វើអ្វីដូច្នេះ គេគិតការពារខ្លួនឬ តើគេនឹងថ្វាយយញ្ញបូជាដែរឬ តើគេនឹងធ្វើបង្ហើយក្នុងមួយថ្ងៃបានឬ តើគេនឹងធ្វើឲ្យថ្មទាំងប៉ុន្មានចេញពីគំនរសំរាម ដែលឆេះអស់ហើយ បានកើតឡើងដែរឬ
3. នោះថូប៊ីយ៉ា ជាសាសន៍អាំម៉ូន ដែលឈរជិតលោក ក៏និយាយឡើងថា បើគ្រាន់តែមានចចកមួយឡើងទៅលើកំផែងថ្ម ដែលគេកំពុងតែធ្វើនោះនឹងធ្វើឲ្យរលំទៅហើយ។
4. ឱព្រះនៃយើងខ្ញុំអើយ សូមទ្រង់ស្តាប់ចុះ ដ្បិតគេមើលងាយយើងខ្ញុំណាស់ សូមទំលាក់សេចក្តីដំនៀលរបស់គេ ទៅលើក្បាលគេវិញ ហើយប្រគល់គេទៅឲ្យត្រូវរឹបជាន់ នៅក្នុងស្រុកដែលគេត្រូវដឹកនាំទៅជាឈ្លើយនោះ
5. សូមទ្រង់កុំគ្របបាំងសេចក្តីទុច្ចរិតរបស់គេ ឬលុបបាបគេ ពីចំពោះទ្រង់ចេញឡើយ ពីព្រោះគេបានបណ្តាលឲ្យមានសេចក្តីកំហឹង នៅចំពោះពួកអ្នកដែលធ្វើការ
6. ដូច្នោះ យើងខ្ញុំបានសង់កំផែងឡើង ដរាបដល់បានជាប់ជុំវិញត្រឹមកំពស់ពាក់កណ្តាលធម្មតា ដ្បិតពួកបណ្តាជនគេមានចិត្តឧស្សាហ៍។
7. កាលសានបាឡាត និងថូប៊ីយ៉ា ព្រមទាំងពួកអារ៉ាប់ និងពួកអាំម៉ូន ហើយពួកអាសដូឌបានឮថាការជួសជុលកំផែងក្រុងយេរូសាឡិមចេះតែបានចំរើនឡើង ហើយថាកន្លែងបាក់បែកបានចាប់តាំងបិតភ្ជិតទៅវិញ នោះគេក៏មានសេចក្តីក្រោធជាខ្លាំង
8. ហើយគេប្រឹក្សាព្រមគ្នានឹងមកច្បាំងនឹងក្រុងយេរូសាឡិម ឲ្យបង្កើតការច្របល់ឡើង
9. ហើយដោយព្រោះគេ បានជាយើងខ្ញុំអធិស្ឋាន ដល់ព្រះនៃយើងរាល់គ្នា ហើយតាំងពួកចាំយាម ឲ្យរវាំងទាំងយប់ទាំងថ្ងៃ
10. ឯពួកយូដាគេនិយាយថា កំឡាំងរបស់ពួកអ្នកលីសែងបានអន់ថយទៅហើយ សំរាមក៏មានយ៉ាងសន្ធឹក ដល់ម៉្លេះបានជាយើងនឹងសង់កំផែងឡើងវិញពុំបាន
11. មួយទៀត ពួកខ្មាំងសត្រូវរបស់យើង គេនិយាយថា យើងនឹងលោចូលទៅដល់កណ្តាលគេ រួចសំឡាប់គេបង់ ហើយបញ្ឈប់ការនោះ មុនដែលគេដឹងខ្លួន ឬឃើញអ្វីផង
12. ឯពួកសាសន៍យូដា ដែលមានទីលំនៅនៅជិតគេ នោះក៏មកពីគ្រប់ទីកន្លែងរបស់ខ្លួន ប្រាប់យើងរាល់គ្នាដល់ទាំង១០ដងថា គេនឹងសង្ឃកមកលើយើង
13. ដូច្នេះ ខ្ញុំក៏ដាក់ពួកបណ្តាជន ឲ្យកាន់ដាវលំពែង និងធ្នូរបស់គេ ឈរនៅត្រង់កន្លែងកំផែងទាបៗ ហើយនៅខាងលើផង តាមវង្សរបស់គេ