នេហេមា 3:5-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. បន្ទាប់​ពី​នោះ​ទៅ​មាន​ពួក​ត្កូអា​បាន​ជួស‌ជុល តែ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក្នុង​ពួក​គេ ឥត​បាន​ជួយ​ធ្វើ​ការ​របស់​ព្រះ‌អម្ចាស់​នៃ​គេ​ឡើយ។

6. យ៉ូយ៉ាដា ជា​កូន​ផាសេហា និង​មស៊ូឡាម ជា​កូន​បេសូឌា​បាន​ជួស‌ជុល​ទ្វារ​ចាស់ គេ​ដាក់​ធ្នឹម និង​ផ្ទាំង​សន្លឹក​ទ្វារ ទាំង​គន្លឹះ ហើយ​នឹង​រនុក​ឡើង

7. បន្ទាប់​នឹង​គេ​មាន​មេឡាទា ជា​អ្នក​ក្រុង​គីបៀន និង​យ៉ាដោន ជា​អ្នក​ក្រុង​មេរ៉ុន ពួក​ក្រុង​គីបៀន និង​ពួក​ក្រុង​មីសប៉ា ជា​ស្រុក​ដែល​នៅ​ក្រោម​អំណាច​របស់​ចៅ‌ហ្វាយ​ខេត្ត នៅ​ខាង​នាយ​ទន្លេ គេ​បាន​ជួស‌ជុល

8. បន្ទាប់​ពី​នោះ មាន​អ៊ូស៊ាល ជា​កូន​ហារហាយ៉ា ជា​ពួក​ជាង​ទង​បាន​ជួស‌ជុល ហើយ​បន្ទាប់​នឹង​គាត់ មាន​ហាណានា ជា​ម្នាក់​ក្នុង​ពួក​លាយ​គ្រឿង​ក្រអូប គាត់​បាន​ជួស‌ជុល គេ​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​មាំ‌មួន​រហូត​ដល់​កំផែង​ធំ

9. បន្ទាប់​នឹង​គេ មាន​រេផាយ៉ា ជា​កូន​ហ៊ើរ ដែល​ជា​នាយ​ដំរួត​លើ​ស្រុក​យេរូ‌សាឡិម​១​ចំហៀង គាត់​បាន​ជួស‌ជុល

10. បន្ទាប់​ពី​គាត់​មាន យេដាយ៉ា ជា​កូន​ហារូម៉ាប គាត់​ជួស‌ជុល​ប្រទល់​មុខ​នឹង​ផ្ទះ​គាត់ ហើយ​បន្ទាប់​នឹង​គាត់ នោះ​មាន​ហាធូស ជា​កូន​ហាសាបនា បាន​ជួស‌ជុល

11. ម៉ាលគា ជា​កូន​ហារីម និង​ហាស៊ូប ជា​កូន​ផាហាត-ម៉ូអាប់ គេ​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត ព្រម​ទាំង​ប៉ម​ត្រង់​គុក​ភ្លើង

12. បន្ទាប់​ពី​នោះ សាលូម ជា​កូន​របស់​ហាឡូ‌ហេស ជា​នាយ​ដំរួត​លើ​ស្រុក​យេរូ‌សាឡិម​១​ចំហៀង គឺ​គាត់ និង​ពួក​កូន​ស្រី​របស់​គាត់​បាន​ជួស‌ជុល។

13. ឯ​ទ្វារ​ច្រក​ភ្នំ គឺ​ហានូន និង​ពួក​ស្រុក​សាណូអា​បាន​ជួស‌ជុល គេ​បាន​សង់​ទ្វារ​នោះ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ឡើង ក៏​ធ្វើ​កំផែង​១​ពាន់​ហត្ថ រហូត​ដល់​ទ្វារ​សំរាម​ទៀត។

14. ឯ​ទ្វារ​សំរាម​នោះ គឺ​ម៉ាលគា កូន​រេកាប ជា​នាយ​ដំរួត​ឃុំ​បេត-ហា‌កេរែម​បាន​ជួស‌ជុល គាត់​បាន​សង់​ទ្វារ​នោះ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ឡើង។

15. ឯ​ទ្វារ​ក្បាល​ទឹក គឺ​សាលូន កូន​កុល-ហូសេ ជា​នាយ​ដំរួត​ឃុំ​មីសប៉ា​បាន​ជួស‌ជុល គាត់​បាន​សង់ ហើយ​ប្រក់​ដំបូល​ទ្វារ​នោះ ក៏​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ឡើង រួច​គាត់​ធ្វើ​កំផែង​ត្រង់​ស្រះ​ស៊ីឡោម ដែល​នៅ​ក្បែរ​សួន‌ច្បារ​ស្តេច រហូត​ដល់​ជណ្តើរ ដែល​ចុះ​ពី​ទី​ក្រុង​ដាវីឌ

16. បន្ទាប់​នឹង​គាត់​មាន​នេហេមា កូន​អាសប៊ូក​ជា​នាយ​ដំរួត​ឃុំ​បេត-ស៊ើរ​មួយ​ចំហៀង គេ​បាន​ជួស‌ជុល​រហូត​ដល់​ទល់​មុខ​នឹង​ផ្នូរ​ដាវីឌ ហើយ​ដល់​ស្រះ​ដែល​គេ​បាន​ជីក និង​ដល់​ផ្ទះ​ពួក​មនុស្ស​ខ្លាំង​ពូកែ

17. បន្ទាប់​នឹង​គាត់​មាន​ពួក​លេវី គឺ​រេហ៊ូម ជា​កូន​របស់​បានី​បាន​ជួស‌ជុល ហើយ​បន្ទាប់​មក​ទៀត មាន​ហាសាបយ៉ា ជា​នាយ​ដំរួត​លើ​ឃុំ​កៃឡា​មួយ​ចំហៀង​បាន​ជួស‌ជុល ជំនួស​ពួក​អ្នក​ស្រុក​គាត់

18. បន្ទាប់​នឹង​គាត់​មាន​ពួក​បង​ប្អូន​របស់​គេ​បាន​ជួស‌ជុល គឺ​បាវ៉ាយ កូន​ហេណា‌ដាឌ ជា​នាយ​ដំរួត​ឃុំ​កៃឡា​មួយ​ចំហៀង

19. បន្ទាប់​នឹង​គាត់​មាន​អេស៊ើរ កូន​យេសួរ ជា​នាយ​ដំរួត​លើ​ស្រុក​មីសប៉ា គេ​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត​ទល់​មុខ​នឹង​ផ្លូវ​ឡើង​ទៅ​ឯ​ឃ្លាំង​គ្រឿង​សស្ត្រា‌វុធ ត្រង់​រំពត់‌កំផែង

20. បន្ទាប់​នឹង​គាត់ មាន​បារូក ជា​កូន​សាប់‌បាយ បាន​ខ្នះ‌ខ្នែង​ធ្វើ​មួយ​ដុំ​ទៀត ចាប់​តាំង​ពី​រំពត់‌កំផែង រួច​ដល់​ទ្វារ​ផ្ទះ​អេលី‌យ៉ាស៊ីប ជា​សំដេច​សង្ឃ

21. បន្ទាប់​ពី​គាត់ មាន​ម្រេម៉ូត កូន​អ៊ូរីយ៉ា ដែល​ជា​កូន​ហាកូស បាន​ជួស‌ជុល​មួយ​ដុំ​ទៀត គឺ​ចាប់​តាំង​ពី​ទ្វារ​ផ្ទះ​អេលី‌យ៉ាស៊ីប រហូត​ដល់​ចុង​ផ្ទះ​លោក

22. បន្ទាប់​នឹង​គាត់​មាន​ពួក​សង្ឃ​បាន​ជួស‌ជុល គឺ​ជា​ពួក​សង្ឃ​ដែល​នៅ​ស្រុក​ជុំវិញ

នេហេមា 3