38. ឯពួក១ទៀត ដែលពោលពាក្យអរព្រះគុណ នោះក៏ដង្ហែទៅជួបគ្នា ខ្ញុំក៏ដើរតាមពួកនេះ មានទាំងបណ្តាជនពាក់កណ្តាលនៅលើកំផែង ត្រង់ពីលើប៉មគុកភ្លើង រហូតដល់ទីខ្នងកំផែងធំទូលាយ
39. ហើយពីលើទ្វារអេប្រាអិម និងត្រង់ទ្វារចាស់ ទ្វារត្រី ប៉មហាណានាល និងប៉មហាមេអា រហូតដល់ទ្វារចៀម រួចដល់ទ្វារគុកនោះ ក៏ឈប់ឈរនៅ
40. យ៉ាងនោះ ពួកអ្នកដែលពោលពាក្យអរព្រះគុណ ក្នុងព្រះវិហារនៃព្រះ ទាំង២ពួកក៏ឈរនៅដំរៀបគ្នា មានទាំងខ្ញុំ និងពួកមេពាក់កណ្តាល ដែលនៅជាមួយនឹងខ្ញុំផង
41. ក៏មានពួកសង្ឃ គឺអេលាគីម ម្អាសេយ៉ា មីនយ៉ាមីន មីកាយ៉ា អេលីយ៉ូន៉ាយ សាការី និងហាណានា ដែលកាន់ត្រែដែរ
42. ហើយម្អាសេយ៉ា សេម៉ាយ៉ា អេលាសារ អ៊ូស៊ី យ៉ូហាណាន ម៉ាលគា អេឡាំ និងអេស៊ើរដែរ ឯពួកចំរៀង គេក៏ច្រៀងឡើងជាខ្លាំង តាមយីសរ៉ាហ៊ា ដែលនាំមុខគេ
43. នៅថ្ងៃនោះ គេក៏ថ្វាយដង្វាយយ៉ាងសន្ធឹក ហើយមានសេចក្តីរីករាយ ពីព្រោះព្រះទ្រង់បានធ្វើឲ្យគេអរសប្បាយយ៉ាងខ្លាំង ឯពួកស្រីៗ និងកូនក្មេង ក៏សប្បាយព្រមគ្នា ដល់ម៉្លេះបានជាសេចក្តីអំណរដែលមាននៅក្រុងយេរូសាឡិម បានឮផ្សាយទៅឆ្ងាយ។
44. នៅថ្ងៃនោះ គេក៏តាំងមនុស្សឲ្យត្រួតត្រាលើបន្ទប់ដែលសំរាប់របស់ថ្ងៃវិសេស ដង្វាយលើកចុះឡើង ផលដំបូង និងដង្វាយ១ភាគក្នុង១០ ដើម្បីនឹងប្រមូលចំណែក ដែលក្រឹត្យវិន័យបានដំរូវឲ្យទុកសំរាប់ពួកសង្ឃ និងពួកលេវីពីអស់ទាំងស្រែចំការ និងទីក្រុង មកទុកក្នុងបន្ទប់ទាំងនោះ ដ្បិតពួកយូដាគេមានសេចក្តីអំណរចំពោះពួកសង្ឃ និងពួកលេវី ដែលឈរនៅដំណែងគេ
45. ព្រមទាំងរក្សាបញ្ញើរបស់ព្រះនៃគេ និងការងារញែកជាបរិសុទ្ធ ពួកចំរៀង និងពួកឆ្មាំទ្វារក៏ធ្វើដូច្នោះដែរ តាមបង្គាប់ដាវីឌ និងសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់
46. ដ្បិតកាលពីដើមក្នុងគ្រាដាវីឌ និងអេសាភ នោះមានមេលើពួកចំរៀង ក៏មានទំនុកច្រៀងសរសើរដំកើង ហើយអរព្រះគុណដល់ព្រះ
47. ហើយនៅគ្រាសូរ៉ូបាបិល និងនេហេមា នោះពួកអ៊ីស្រាអែលទាំងអស់គ្នាក៏ថ្វាយចំណែកសំរាប់ពួកចំរៀង និងពួកឆ្មាំទ្វារ តាមដែលត្រូវការរាល់ៗថ្ងៃ គេក៏លៃទុក១ចំណែកឲ្យពួកលេវី ហើយពួកលេវីក៏លៃទុក១ចំណែក ឲ្យពួកកូនចៅអើរ៉ុន។