26. ពួកអ្នកទាំងនោះមាននៅក្នុងគ្រាយ៉ូយ៉ាគីម ជាកូនរបស់យេសួរ ដែលជាកូនយ៉ូសាដាក និងគ្រានេហេមា ជាចៅហ្វាយទីក្រុង ហើយនឹងគ្រាស្មៀនអែសរ៉ាដ៏ជាសង្ឃ។
27. នៅគ្រាដែលគេធ្វើពិធីឆ្លងកំផែងក្រុងយេរូសាឡិម នោះគេស្វែងរកពួកលេវី ពីគ្រប់កន្លែងរបស់គេ នាំមកឯក្រុងយេរូសាឡិម ដើម្បីនឹងធ្វើបុណ្យឆ្លងនោះដោយអំណរ ព្រមទាំងមានពាក្យអរព្រះគុណ និងការចំរៀងផ្សំ ដោយឈឹង ពិណ និងស៊ុងផង
28. ឯកូនចៅរបស់ពួកចំរៀងគេក៏មូលគ្នាពីស្រុកជុំវិញក្រុងយេរូសាឡិម ហើយពីអស់ទាំងភូមិនៃពួកនថូផា
29. ពីបេត-គីលកាល ពីស្រុកស្រែចំការកេបា និងអាសម៉ាវែតដែរ ពីព្រោះពួកចំរៀង គេបានធ្វើភូមិ នៅព័ទ្ធជុំវិញក្រុងយេរូសាឡិម
30. ពួកសង្ឃ និងពួកលេវីបានញែកខ្លួនជាបរិសុទ្ធ រួចក៏ញែកពួកបណ្តាជន ព្រមទាំងទ្វារទាំងប៉ុន្មាន និងកំផែងផង ចេញជាបរិសុទ្ធ។
31. គ្រានោះ ខ្ញុំបាននាំពួកអ្នកជាប្រធាន ក្នុងពួកយូដាឡើងទៅលើកំផែង ក៏ដំរូវឲ្យមាន២ពួកធំៗ ដែលពោលពាក្យអរព្រះគុណ ហើយដង្ហែគ្នា ពួក១ទៅខាងស្តាំ នៅលើកំផែង ដំរង់ទៅឯទ្វារចាក់សំរាម
32. មានហូសាយ៉ា និងពួកជាប្រធានលើពួកយូដាពាក់កណ្តាល គេដើរតាមក្រោយ
33. ព្រមទាំងអ័សារា អែសរ៉ា មស៊ូឡាម
34. យូដា បេនយ៉ាមីន សេម៉ាយ៉ា និងយេរេមាដែរ
35. ហើយកូនចៅពួកសង្ឃខ្លះដែលកាន់ត្រែ គឺសាការី ជាកូនយ៉ូណាថាន ដែលជាកូនសេម៉ាយ៉ាៗជាកូនម៉ាថានាៗជាកូនមីកាយ៉ាៗ ជាកូនសាគើរៗ ជាកូនអេសាភ