នេហេមា 1:4-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. កាល​ខ្ញុំ​ឮ​ពាក្យ​ទាំង​នោះ ខ្ញុំ​ក៏​អង្គុយ​យំ ហើយ​សៅ‌សោក​នៅ​អស់​ពីរ​បី​ថ្ងៃ ខ្ញុំ​ក៏​តម ហើយ​អធិស្ឋាន នៅ​ចំពោះ​ព្រះ​នៃ​ស្ថាន‌សួគ៌​ថា

5. ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ គឺ​ជា​ព្រះ​ដ៏​ធំ​ហើយ​គួរ​ស្ញែង​ខ្លាច ដែល​រក្សា​សេចក្តី​សញ្ញា និង​សេចក្តី​សប្បុរស ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ទ្រង់ ហើយ​កាន់​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​ទ្រង់​អើយ

6. សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​មក​ឥឡូវ ហើយ​បើក​ព្រះ‌នេត្រ​ទត​មក ដើម្បី​ឲ្យ​បាន​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ ជា​អ្នក​បំរើ​ទ្រង់ ដែល​អធិស្ឋាន​ដល់​ទ្រង់ ទាំង​យប់​ទាំង​ថ្ងៃ​ក្នុង​គ្រា​នេះ ពី​ដំណើរ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​ពួក​បំរើ​ទ្រង់ ដោយ​លន់‌តួ​បាប​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​យើង​ខ្ញុំ​រាល់​គ្នា​បាន​ប្រព្រឹត្ត​នឹង​ទ្រង់ គឺ​ទាំង​ខ្លួន​ទូល‌បង្គំ និង​វង្ស​របស់​អយ្យកោ​ទូល‌បង្គំ​បាន​ធ្វើ​បាប​ផង

7. យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​ទ្រង់ ដោយ​ខូច​អាក្រក់​ជា​ខ្លាំង ឥត​រក្សា​ក្រឹត្យ‌ក្រម សេចក្តី​បញ្ញត្ត និង​សេចក្តី​យុត្តិ‌ធម៌​របស់​ទ្រង់ ដែល​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់​ឡើយ

8. សូម​ទ្រង់​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់​ថា បើ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​រំលង នោះ​អញ​នឹង​កំចាត់‌កំចាយ​ឯង ឲ្យ​ទៅ​នៅ​ក្នុង​អស់​ទាំង​សាសន៍

នេហេមា 1