2. ដ្បិតបើឯងមិនព្រមឲ្យគេទៅទេ ហើយចេះតែឃាត់ឃាំងទៀត
3. នោះមើល ព្រះហស្តនៃព្រះយេហូវ៉ា នឹងនៅលើហ្វូងសត្វទាំងប៉ុន្មានរបស់ឯងដែលនៅចំការ គឺទាំងសេះ លា អូដ្ឋ ហើយហ្វូងគោ ហ្វូងចៀមផង វានឹងកើតជំងឺអាសន្នជាយ៉ាងវេទនា
4. តែព្រះយេហូវ៉ា ទ្រង់នឹងញែកហ្វូងសត្វរបស់សាសន៍អ៊ីស្រាអែល និងហ្វូងសត្វរបស់សាសន៍អេស៊ីព្ទចេញពីគ្នា ដូច្នេះនឹងគ្មានស្លាប់សត្វណាមួយរបស់ពួកកូនចៅអ៊ីស្រាអែលឡើយ
5. ព្រះយេហូវ៉ាទ្រង់ក៏ដាក់កំណត់ថា ថ្ងៃស្អែកឡើង ព្រះយេហូវ៉ាទ្រង់នឹងធ្វើការនេះនៅក្នុងស្រុក
6. លុះដល់ថ្ងៃស្អែក នោះព្រះយេហូវ៉ាទ្រង់ក៏ធ្វើដូច្នោះ ហ្វូងសត្វរបស់សាសន៍អេស៊ីព្ទក៏ស្លាប់ទាំងអស់ តែគ្មានស្លាប់សត្វណាមួយក្នុងហ្វូងសត្វរបស់កូនចៅអ៊ីស្រាអែលទេ
7. ផារ៉ោនទ្រង់ចាត់គេទៅស៊ើបមើល ក៏ឃើញថា គ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់សាសន៍អ៊ីស្រាអែលដែលបានស្លាប់សោះ ប៉ុន្តែផារ៉ោនមានព្រះទ័យរឹងចចេសមិនព្រមបើកឲ្យបណ្តាជនទៅទេ។
8. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា ចូរឯងកើបយកផេះពីគុកភ្លើងពេញក្នុងក្តាប់ដៃ រួចឲ្យម៉ូសេបាចទៅលើមេឃនៅមុខផារ៉ោនទៅ
9. ផេះនោះនឹងត្រឡប់ក្លាយជាធូលីយ៉ាងម៉ដ្ត នៅលើស្រុកអេស៊ីព្ទទាំងមូល ហើយនឹងបង្កើតជាបូសធ្លាយចេញជាដំបៅនៅខ្លួនមនុស្ស ព្រមទាំងសត្វនៅពេញក្នុងស្រុកដែរ
10. ម៉ូសេក៏យកផេះ ពីគុកភ្លើង ទៅឈរនៅមុខផារ៉ោន ហើយលោកបាចទៅលើមេឃ រួចផេះនោះបង្កើតជាបូសក្លាយធ្លាយចេញជាដំបៅ ក៏កើតឡើងនៅសព្វខ្លួនរបស់មនុស្ស ហើយនឹងពួកសត្វផង
11. ឯពួកគ្រូគេឈរនៅមុខម៉ូសេមិនបានទេ ដោយព្រោះបូសនោះ ពីព្រោះបូសក៏កើតឡើងនៅខ្លួនគេដែរ ដូចជានៅខ្លួននៃសាសន៍អេស៊ីព្ទទាំងអស់គ្នាផង
12. តែព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យព្រះទ័យផារ៉ោនបានរឹងទទឹង ទ្រង់មិនព្រមស្តាប់តាមលោកសោះ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងម៉ូសេស្រាប់។
13. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរក្រោកពីព្រលឹមទៅឈរនៅមុខផារ៉ោនទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរទ្រង់មានព្រះបន្ទូលដូច្នេះ ចូរបើកឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំដល់អញ
14. ដ្បិតម្តងនេះ អញនឹងដាក់សេចក្ដីវេទនាទាំងអស់ មកទាស់នឹងចិត្តឯង និងពួកមហាតលិក ហើយនឹងរាស្ត្រឯងផង ដើម្បីឲ្យឯងបានដឹងថា នៅគ្រប់លើផែនដីគ្មានអ្នកឯណាដូចអញឡើយ
15. ដ្បិតបើអញបានលើកដៃអញធ្វើឲ្យឯង ហើយនឹងរាស្ត្រឯង កើតមានជំងឺអាសន្នរោគ ក្នុងពេលឥឡូវ នោះឯងរាល់គ្នានឹងបានវិនាសបាត់ពីលើផែនដីទៅអស់រលីងហើយ