15. ដ្បិតបើអញបានលើកដៃអញធ្វើឲ្យឯង ហើយនឹងរាស្ត្រឯង កើតមានជំងឺអាសន្នរោគ ក្នុងពេលឥឡូវ នោះឯងរាល់គ្នានឹងបានវិនាសបាត់ពីលើផែនដីទៅអស់រលីងហើយ
16. ប៉ុន្តែអញបានទុកឲ្យឯងរស់នៅវិញ ដើម្បីឲ្យឯងបានឃើញឫទ្ធិបារមីរបស់អញ ហើយឲ្យគេបានប្រកាសប្រាប់ពីឈ្មោះអញទួទៅគ្រប់លើផែនដី
17. តើឯងនៅតែដំកើងខ្លួនទាស់នឹងរាស្ត្រអញ ព្រមទាំងឃាត់មិនឲ្យគេទៅទៀតឬ
18. មើល ដល់ថ្ងៃស្អែកវេលាថ្មើរណេះ នោះអញនឹងបង្អុរឲ្យធ្លាក់ព្រិលជាយ៉ាងវេទនាមកដល់ម៉្លេះបានជាតាំងពីកំណើតស្រុក ដរាបដល់ឥឡូវនេះ នោះមិនដែលមានឲ្យដូចក្នុងស្រុកអេស៊ីព្ទឡើយ
19. ដូច្នេះ ចូរចាត់គេឲ្យទៅនាំអស់ទាំងហ្វូងសត្វ និងរបស់ឯងទាំងប៉ុន្មានដែលនៅឯវាលចូលមកជាប្រញាប់ ដ្បិតអស់ទាំងមនុស្ស និងសត្វទាំងប៉ុន្មាននៅវាល ដែលមិនបានប្រមូលមកក្នុងផ្ទះ នោះនឹងត្រូវព្រិលធ្លាក់មកលើ ស្លាប់ទាំងអស់
20. នោះពួកមហាតលិកណាមួយរបស់ផារ៉ោន ដែលកោតខ្លាចដល់ព្រះបន្ទូលព្រះយេហូវ៉ា គេក៏ឲ្យពួកបាវ និងហ្វូងសត្វទាំងប៉ុន្មានរត់ចូលមកជ្រកក្នុងផ្ទះទាំងអស់
21. ប៉ុន្តែពួកអ្នកដែលមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលព្រះយេហូវ៉ាសោះ គេក៏ទុកឲ្យពួកបាវនឹងហ្វូងសត្វនៅឯវាលវិញ។
22. នោះព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលប្រាប់ម៉ូសេថា ចូរលើកដៃឡើងទៅលើមេឃ ដើម្បីឲ្យមានព្រិលធ្លាក់មកពេញក្នុងស្រុកអេស៊ីព្ទ គឺធ្លាក់មកលើទាំងមនុស្ស និងសត្វ ហើយលើគ្រប់ទាំងដំណាំនៅទីវាលក្នុងស្រុកផង
23. ម៉ូសេក៏លើកដំបងទៅលើមេឃ នោះព្រះយេហូវ៉ាទ្រង់ចាត់ឲ្យមានផ្គរហើយនឹងព្រិលមក ក៏មានរន្ទះបាញ់ផ្សាយជាភ្លើងនៅលើដី ហើយព្រះយេហូវ៉ាទ្រង់បង្អុរព្រិលមកលើស្រុកអេស៊ីព្ទ