និក្ខមនំ 8:11-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. នោះ​កង្កែប​នឹង​ថយ​ចេញ​ពី​ទ្រង់ ពី​ដំណាក់​ទ្រង់ ពី​ពួក​មហា‌តលិក ហើយ​ពី​រាស្ត្រ​ទ្រង់​ទៅ និង​មាន​សល់​នៅ​តែ​ក្នុង​ទន្លេ​ប៉ុណ្ណោះ

12. ម៉ូសេ និង​អើរ៉ុន​ក៏​ចេញ​ពី​ផារ៉ោន​ទៅ រួច​ម៉ូសេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​អំពី​រឿង​កង្កែប ដែល​ទ្រង់​បាន​នាំ​មក​លើ​ផារ៉ោន​នោះ

13. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​សំរេច​តាម​ពាក្យ​លោក​ម៉ូសេ នោះ​កង្កែប​ក៏​ស្លាប់​អន្តរ‌ធាន​នៅ​ក្នុង​ផ្ទះ និង​ក្នុង​ភូមិ ហើយ​នៅ​ចំការ​ផង

14. គេ​ប្រមូល​គរ​ឡើង​ជា​គំនរ រួច​ក្នុង​ស្រុក​ក៏​ធុំ​ក្លិន​ស្អុយ​ពេញ

15. តែ​កាល​ផារ៉ោន​ឃើញ​ថា​បាន​ធូរ​ស្បើយ​ហើយ នោះ​ទ្រង់​តាំង​ព្រះ‌ទ័យ​រឹង‌ទទឹង​ទៀត ហើយ​មិន​ព្រម​ស្តាប់​តាម​ម៉ូសេ និង​អើរ៉ុន​ឡើយ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក។

16. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​អើរ៉ុន​ថា ចូរ​បង​លើក​ដំបង​វាយ​ធូលី​ដី​ទៅ ដើម្បី​ឲ្យ​បាន​ត្រឡប់​ជា​ចៃ នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ

17. នោះ​ក៏​ធ្វើ​ដូច្នោះ អើរ៉ុន​កាន់​ដំបង​លើក​វាយ​ធូលី​ដី ហើយ​កើត​មាន​ចៃ​នៅ​លើ​មនុស្ស​ហើយ​នឹង​សត្វ ធូលី​ដី​ទាំង​អស់​ក៏​ទៅ​ជា​ចៃ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ

18. ឯ​ពួក​គ្រូ​ក៏​ខំ​ធ្វើ​ដូច្នោះ​ដោយ​របៀន​របស់​គេ​ដែរ ដើម្បី​នឹង​បង្កើត​ចៃ តែ​ធ្វើ​មិន​កើត​ឡើយ ចៃ​ទាំង​នោះ​នៅ​លើ​មនុស្ស​ហើយ​នឹង​សត្វ​ផង

19. នោះ​ពួក​គ្រូ​គេ​ទូល​ផារ៉ោន​ថា នេះ​គឺ​ជា​អង្គុលី​ព្រះ‌ហស្ត​របស់​ព្រះ​ទេ តែ​ផារ៉ោន​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង មិន​ព្រម​ស្តាប់​គេ​សោះ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក។

20. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ក្រោក​ពី​ព្រលឹម​ទៅ​ឈរ​នៅ​មុខ​ផារ៉ោន មើល ទ្រង់​នឹង​ចេញ​ទៅ​ឯ​មាត់​ទឹក នោះ​ត្រូវ​ឲ្យ​ឯង​ទូល​ទ្រង់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​អញ​ចុះ

21. បើ​មិន​ព្រម​ឲ្យ​គេ​ចេញ​ទៅ​ទេ នោះ​មើល​អញ​នឹង​ចាត់​រុយ​ទាំង​ហ្វូងៗ​ឲ្យ​មក​លើ​ឯង លើ​ពួក​បំរើ​ឯង ពួក​រាស្ត្រ​ឯង ហើយ​នៅ​ក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា​ផង បណ្តា​ផ្ទះ​នៃ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​បាន​ពេញ​ដោយ​រុយ​ទាំង​អស់ ព្រម​ទាំង​ដី​ដែល​គេ​អាស្រ័យ​នៅ​ដែរ

22. តែ​នៅ​ថ្ងៃ​នោះ អញ​នឹង​ញែក​ស្រុក​កូសែន​ដែល​រាស្ត្រ​អញ​នៅ​មិន​ឲ្យ​មាន​រុយ​ឡើយ ដើម្បី​ឲ្យ​ឯង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ដ៏​នៅ​កណ្តាល​ផែនដី​នេះ

23. អញ​នឹង​ផ្តាច់​រាស្ត្រ​អញ និង​រាស្ត្រ​ឯង​ឲ្យ​ដាច់​ចេញ​ពី​គ្នា ឯ​ទី​សំគាល់​នេះ​នឹង​កើត​ឡើង​នៅ​វេលា​ថ្ងៃ​ស្អែក

24. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​ដូច្នោះ​មាន​រុយ​ទាំង​ហ្វូង ដែល​នាំ​ឲ្យ​វេទនា​ចិត្ត មក​ក្នុង​ដំណាក់​ផារ៉ោន ក្នុង​ផ្ទះ​ពួក​មហា‌តលិក​ទ្រង់ ហើយ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ផង រុយ​ទាំង​នោះ​ក៏​ធ្វើ​ឲ្យ​ស្រុក​ខូច​ខាត​ទៅ។

និក្ខមនំ 8