1. រួចមក ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា មើល អញបានឲ្យឯងធ្វើជាព្រះដល់ផារ៉ោន ហើយអើរ៉ុនបងឯងនឹងធ្វើជាអ្នកប្រកាសរបស់ឯង
2. ឯងត្រូវនិយាយគ្រប់សេចក្ដីដែលអញបង្គាប់ ហើយអើរ៉ុនបងឯងត្រូវទូលដល់ផារ៉ោន ដើម្បីឲ្យស្តេចបានបើកឲ្យពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកទៅ
3. តែអញនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង នោះអញនឹងចំរើនទីសំគាល់ និងការអស្ចារ្យរបស់អញនៅក្នុងស្រុកអេស៊ីព្ទ
4. តែផារ៉ោននឹងមិនស្តាប់តាមឯងទេ រួចអញនឹងដាក់ដៃអញលើស្រុកអេស៊ីព្ទ ហើយនឹងនាំពួកកងរបស់អញ គឺជារាស្ត្រអញ ជាពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទទៅ ដោយការវិនិច្ឆ័យយ៉ាងធំ
5. កាលណាអញលើកដៃដាក់លើស្រុកអេស៊ីព្ទ ព្រមទាំងនាំពួកកូនចៅអ៊ីស្រាអែល ចេញពីកណ្តាលគេទៅ នោះពួកសាសន៍អេស៊ីព្ទនឹងដឹងថា អញជាព្រះយេហូវ៉ាពិត
6. ឯម៉ូសេ និងអើរ៉ុនលោកក៏ធ្វើតាម ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
7. ក្នុងគ្រាដែលទូលនឹងផារ៉ោន នោះម៉ូសេលោកបានអាយុ៨០ឆ្នាំ ឯអើរ៉ុនក៏បានអាយុ៨៣ឆ្នាំហើយ។
8. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា
9. កាលណាផារ៉ោននិយាយមកឯងថា ចូរឯងសំដែងបាដិហារិយ៍មកមើល នោះឲ្យឯងប្រាប់អើរ៉ុនថា ចូរយកដំបងរបស់បងបោះទៅនៅចំពោះមុខផារ៉ោន ដើម្បីឲ្យដំបងនោះក្លាយទៅជាសត្វពស់
10. ម៉ូសេ និងអើរ៉ុនក៏ចូលទៅគាល់ផារ៉ោន ហើយបានធ្វើតាមបង្គាប់ព្រះយេហូវ៉ា អើរ៉ុនលោកបោះដំបងទៅនៅមុខផារ៉ោន និងពួកមហាតលិកទ្រង់ នោះដំបងក៏ត្រឡប់ជាសត្វពស់
11. ប៉ុន្តែផារ៉ោនទ្រង់មានព្រះបន្ទូលហៅពួកអ្នកប្រាជ្ញ និងពួកអាបធ្មប់មក ឯពួកគ្រូនៅស្រុកអេស៊ីព្ទទាំងនោះ គេក៏បានធ្វើដូច្នោះដោយរបៀនរបស់គេដែរ
12. គេបានបោះដំបងរបស់គេរៀងខ្លួន ហើយដំបងទាំងនោះក៏ត្រឡប់ក្លាយទៅជាពស់ទាំងអស់ដែរ តែដំបងរបស់អើរ៉ុនបានលេបដំបងរបស់អ្នកទាំងនោះបាត់វិញ
13. នោះផារ៉ោនកើតមានព្រះទ័យរឹងទទឹង មិនព្រមស្តាប់តាមលោកឡើយ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលប្រាប់ហើយ។
14. រួចព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ផារ៉ោនមានចិត្តរឹងរូស មិនព្រមបើកឲ្យបណ្តាជនចេញទៅទេ