8. អញនឹងនាំឯងរាល់គ្នាចូលទៅក្នុងស្រុកដែលអញបានលើកដៃស្បថថា នឹងឲ្យទៅអ័ប្រាហាំ អ៊ីសាក ហើយយ៉ាកុប អញនឹងឲ្យស្រុកនោះដល់ឯងរាល់គ្នាទុកជាកេរអាករវិញ គឺអញនេះហើយជាព្រះយេហូវ៉ា
9. រួចម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលតាមពាក្យនោះ ប៉ុន្តែដោយព្រោះសេចក្ដីវេទនានឹងការបំរើយ៉ាងសហ័ស បានជាគេមិនព្រមស្តាប់តាមលោកទេ។
10. នោះព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
11. ឲ្យចូលទៅទូលផារ៉ោនជាស្តេចអេស៊ីព្ទថា ចូរបើកឲ្យពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកទៅ
12. តែម៉ូសេទូលនៅចំពោះព្រះយេហូវ៉ាថា មើល សូម្បីតែពួកកូនចៅអ៊ីស្រាអែលក៏មិនព្រមស្តាប់តាមទូលបង្គំទៅ ហើយចំណង់បើផារ៉ោនធ្វើដូចម្តេចឲ្យស្តាប់តាមទូលបង្គំបាន បើទូលបង្គំជាអ្នកមិនសូវចេះវោហារដូច្នេះផង
13. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រាប់ម៉ូសេ និងអើរ៉ុន ជាសេចក្ដីបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ហើយដល់ផារ៉ោនជាស្តេចស្រុកអេស៊ីព្ទប្រយោជន៍ដើម្បីនឹងនាំពួកកូនចៅអ៊ីស្រាអែល ឲ្យចេញពីស្រុកអេស៊ីព្ទទៅ។
14. នេះជាបញ្ជីពួកមេនៃគ្រួសារឪពុកគេទាំងប៉ុន្មាន ពួកកូនរូបេនដែលជាកូនច្បងរបស់អ៊ីស្រាអែល គឺហេណុក ប៉ាលូវ ហេស្រុន និងកើមី នេះឯងជាគ្រួរបស់រូបេនទាំងប៉ុន្មាន
15. ពួកកូនស៊ីម្មាន គឺយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និងសូលជាកូនរបស់ស្ត្រីសាសន៍កាណានម្នាក់ នេះឯងជាគ្រួស៊ីម្មានទាំងប៉ុន្មាន
16. នេះជាឈ្មោះរបស់ពួកកូនលេវី តាមពូជដំណរបស់គេតមក គឺគើសុន កេហាត់ និងម្រ៉ារី ឯលេវីក៏មានអាយុរស់នៅបាន១៣៧ឆ្នាំ
17. ពួកកូនគើសុន គឺលិបនី ហើយនឹងស៊ីម៉ាយ តាមគ្រួគេ