7. ចូរកុំឲ្យចំបើងដល់ជនសំរាប់នឹងធ្វើឥដ្ឋដូចអំពីដើមទៀតឡើយ ត្រូវឲ្យគេទៅរកចំបើងដោយខ្លួនឯងវិញ
8. តែឯចំនួនឥដ្ឋដែលគេធ្លាប់ធ្វើពីដើមមក នោះត្រូវបង្ខំឲ្យគេចេះតែធ្វើទៅទៀតចុះ កុំបន្ថយឲ្យសោះ ដ្បិតគេខ្ជិលទេ បានជាស្រែកថា សូមឲ្យយើងរាល់គ្នាទៅថ្វាយយញ្ញបូជាដល់ព្រះនៃយើងខ្ញុំ
9. ត្រូវដាក់បន្ទុកឲ្យគេធ្វើរឹតតែធ្ងន់ឡើង ដើម្បីឲ្យគេខំធ្វើទៅ កុំឲ្យគេទុកចិត្តនឹងពាក្យកំភូតឡើយ។
10. ពួកមេដំរួតលើពួកជន និងពួកនាយ ក៏ទៅប្រាប់ដល់គេថា ផារ៉ោនទ្រង់មានព្រះបន្ទូលដូច្នេះថា អញលែងបើកចំបើងឲ្យឯងរាល់គ្នាហើយ
11. ចូរទៅរកចំបើងដោយខ្លួនឯងនៅកន្លែងណាដែលរកបានចុះ ប៉ុន្តែការរបស់ឯងរាល់គ្នា នោះមិនត្រូវបន្ថយសូម្បីដល់បន្តិចបន្តួចឡើយ
12. ដូច្នេះ បណ្តាជនទាំងឡាយត្រូវខ្ចាត់ខ្ចាយ ទៅពេញក្នុងស្រុកអេស៊ីព្ទ ដើម្បីនឹងរករើសជញ្ជ្រាំងមកជំនួសចំបើង
13. ពួកមេដំរួតក៏ពោលបង្ខំថា ចូរឯងរាល់គ្នាធ្វើបង្ហើយការរបស់ឯងដូចជាបានដាក់ឲ្យធ្វើមករាល់តែថ្ងៃ ឲ្យដូចជាកាលមានចំបើងពីដើមមកដែរ
14. គេក៏វាយពួកមេនៃកូនចៅអ៊ីស្រាអែល ដែលពួកមេដំរួតរបស់ផារ៉ោនបានតាំងលើបណ្តាជន ហើយសួរថា ហេតុអ្វីបានជាពីម្សិលមិញហើយថ្ងៃនេះ ឯងរាល់គ្នាមិនបានធ្វើឥដ្ឋឲ្យគ្រប់ចំនួនដូចអំពីដើមមក។
15. នោះពួកមេរបស់កូនចៅអ៊ីស្រាអែល ក៏នាំគ្នាទៅស្រែកដល់ផារ៉ោនថា ហេតុអ្វីបានជាទ្រង់ប្រព្រឹត្តនឹងយើងខ្ញុំជាពួកបំរើទ្រង់យ៉ាងដូច្នេះ
16. ដ្បិតគេមិនឲ្យចំបើងដល់យើងខ្ញុំជាពួកបំរើទ្រង់ទៀតទេ ហើយគេប្រាប់យើងខ្ញុំថា ចូរខំធ្វើឥដ្ឋទៅ គេក៏វាយយើងខ្ញុំជាពួកបំរើទ្រង់ដែរ តែគឺពួកទ្រង់ទេ ដែលធ្វើខុសនោះ