1. ក្រោយនោះមក ម៉ូសេ និងអើរ៉ុននាំគ្នាចូលទៅគាល់ផារ៉ោនទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរឲ្យរាស្ត្រអញចេញទៅថ្វាយយញ្ញបូជាដល់អញនៅទីរហោស្ថាន
2. តែផារ៉ោនមានព្រះបន្ទូលឆ្លើយថា តើព្រះយេហូវ៉ាជាអ្នកណាដែលអញត្រូវស្តាប់តាមទ្រង់ និងឲ្យសាសន៍អ៊ីស្រាអែលចេញទៅនោះ អញមិនស្គាល់ព្រះយេហូវ៉ាទេ ហើយក៏មិនព្រមឲ្យសាសន៍អ៊ីស្រាអែលចេញទៅឡើយ
3. នោះគេទូលថា ព្រះនៃសាសន៍ហេព្រើរ ទ្រង់បានលេចមកឯយើងខ្ញុំហើយ ដូច្នេះសូមទ្រង់អនុញ្ញាត ឲ្យយើងខ្ញុំរាល់គ្នា ទៅឯទីរហោស្ថាន ចំងាយផ្លូវដើរអស់៣ថ្ងៃ ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ខ្លាចក្រែងទ្រង់ស្ទុះមកប្រហារយើងរាល់គ្នា ដោយអាសន្នរោគឬដាវផង
4. តែស្តេចស្រុកអេស៊ីព្ទទ្រង់មានព្រះបន្ទូលតបថា នែម៉ូសេ និងអើរ៉ុន ហេតុអ្វីបានជាបញ្ឈប់ពួកជនមិនឲ្យធ្វើការដូច្នេះ ចូរឯងរាល់គ្នាត្រឡប់ទៅធ្វើការរបស់ឯងវិញទៅ។
5. ផារ៉ោនទ្រង់ក៏មានព្រះបន្ទូលថា មើល ឥឡូវនេះ បណ្តាជននៅស្រុកនេះគេមានគ្នាច្រើន ហើយឯងមកធ្វើឲ្យគេឈប់ពីការគេចេញដូច្នេះ។
6. នៅថ្ងៃនោះឯងផារ៉ោនទ្រង់បង្គាប់ដល់ពួកមេដំរួតលើជនទាំងឡាយ ហើយនឹងពួកនាយថា
7. ចូរកុំឲ្យចំបើងដល់ជនសំរាប់នឹងធ្វើឥដ្ឋដូចអំពីដើមទៀតឡើយ ត្រូវឲ្យគេទៅរកចំបើងដោយខ្លួនឯងវិញ
8. តែឯចំនួនឥដ្ឋដែលគេធ្លាប់ធ្វើពីដើមមក នោះត្រូវបង្ខំឲ្យគេចេះតែធ្វើទៅទៀតចុះ កុំបន្ថយឲ្យសោះ ដ្បិតគេខ្ជិលទេ បានជាស្រែកថា សូមឲ្យយើងរាល់គ្នាទៅថ្វាយយញ្ញបូជាដល់ព្រះនៃយើងខ្ញុំ
9. ត្រូវដាក់បន្ទុកឲ្យគេធ្វើរឹតតែធ្ងន់ឡើង ដើម្បីឲ្យគេខំធ្វើទៅ កុំឲ្យគេទុកចិត្តនឹងពាក្យកំភូតឡើយ។
10. ពួកមេដំរួតលើពួកជន និងពួកនាយ ក៏ទៅប្រាប់ដល់គេថា ផារ៉ោនទ្រង់មានព្រះបន្ទូលដូច្នេះថា អញលែងបើកចំបើងឲ្យឯងរាល់គ្នាហើយ
11. ចូរទៅរកចំបើងដោយខ្លួនឯងនៅកន្លែងណាដែលរកបានចុះ ប៉ុន្តែការរបស់ឯងរាល់គ្នា នោះមិនត្រូវបន្ថយសូម្បីដល់បន្តិចបន្តួចឡើយ
12. ដូច្នេះ បណ្តាជនទាំងឡាយត្រូវខ្ចាត់ខ្ចាយ ទៅពេញក្នុងស្រុកអេស៊ីព្ទ ដើម្បីនឹងរករើសជញ្ជ្រាំងមកជំនួសចំបើង