និក្ខមនំ 40:6-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ត្រូវ​ដាក់​អាស‌នា​ដង្វាយ​ដុត នៅ​មុខ​មាត់​ទ្វារ​រោង​ឧបោសថ របស់​ផង​ត្រសាល​ជំនុំ

7. ហើយ​ត្រូវ​ដាក់​ចាន​ក្លាំ នៅ​ជា​កណ្តាល​ត្រសាល​ជំនុំ និង​អាស‌នា​នោះ រួច​ដាក់​ទឹក​ចុះ​ក្នុង​ចាន​ក្លាំ​ផង

8. ឯ​ទីលាន​ត្រូវ​រៀប‌ចំ​ជុំវិញ ព្រម​ទាំង​បាំង​រនាំង​នៅ​មាត់​ទ្វារ​ដែរ

9. ត្រូវ​យក​ប្រេង​ចាក់​លាប​មក​លាប​រោង​ឧបោសថ និង​ប្រដាប់​ទាំង​ប៉ុន្មាន​នៅ​ក្នុង​រោង​នោះ ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​ផង នោះ​នឹង​បាន​បរិសុទ្ធ​ទាំង​អស់

10. ត្រូវ​លាប​ប្រេង​នៅ​អាស‌នា​ដង្វាយ​ដុត និង​គ្រឿង​ប្រដាប់​អាស‌នា​នោះ​ទាំង​ប៉ុន្មាន ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដូច្នេះ​អាស‌នា​នោះ​នឹង​បាន​បរិសុទ្ធ​ជា​ទី​បំផុត

11. ត្រូវ​លាប​ប្រេង​នៅ​ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ

12. ត្រូវ​នាំ​អើរ៉ុន និង​ពួក​កូន​លោក​មក​ជិត​ទ្វារ​ត្រសាល​ជំនុំ ហើយ​ផ្ងូត​អ្នក​ទាំង​នោះ​ដោយ​ទឹក

13. រួច​យក​សំលៀក‌បំពាក់​បរិសុទ្ធ​មក​បំពាក់​អើរ៉ុន ហើយ​ចាក់​ប្រេង​ញែក​លោក​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​លោក​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ

14. រួច​ត្រូវ​នាំ​ពួក​កូន​លោក​មក​បំពាក់​អាវ​ខ្លី​ឲ្យ

15. ហើយ​ចាក់​ប្រេង​ដល់​គេ​ដូច​ជា​បាន​ចាក់​ប្រេង​ឲ្យ​ឪពុក​គេ​ដែរ ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ បុណ្យ​ចាក់​លាប​ប្រេង​នេះ​នឹង​បាន​សំរាប់​ការ‌ងារ​ជា​សង្ឃ​ដល់​អ្នក​ទាំង​នោះ​អស់​កល្ប‌ជានិច្ច គ្រប់​ទាំង​ដំណ​គេ​ត​ទៅ។

16. ឯ​ម៉ូសេ​លោក​ក៏​ធ្វើ​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក លោក​ធ្វើ​ការ​នោះ​សំរេច​ទាំង​អស់

17. នៅ​ថ្ងៃ​១​កើត​ក្នុង​ខែ​ដំបូង​ឆ្នាំ​ទី​២ នោះ​រោង​ឧបោសថ​បាន​ដំឡើង​រួច​ជា​ស្រេច

18. ម៉ូសេ​បាន​ដំឡើង​រោង​ឧបោសថ លោក​ដាក់​ជើង​ទាំង​ប៉ុន្មាន ក៏​បញ្ឈរ​ក្តារ ហើយ​រៀប​រនុក​ក៏​លើក​សសរ​ទាំង​ប៉ុន្មាន​ឡើង

19. រួច​លោក​លា​ត្រសាល​បាំង​រោង​ឧបោសថ ហើយ​ដាក់​គំរប​ពី​លើ​ត្រសាល​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

20. លោក​យក​សេចក្ដី​បន្ទាល់​មក​ដាក់​ក្នុង​ហឹប រួច​ព្រហក​ឈើ​ស្នែង​ភ្ជាប់​នឹង​ហឹប ហើយ​ដាក់​ទី​សន្តោស‌ប្រោស​នៅ​លើ​ហឹប​នោះ

21. លោក​យក​ហឹប​ទៅ​ដាក់​ក្នុង​រោង​ឧបោសថ ហើយ​លា​វាំង‌នន​បាំង​ហឹប​នៃ​សេចក្ដី​បន្ទាល់ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

22. លោក​ដាក់​តុ​នៅ​ខាង​ជើង​ក្នុង​ត្រសាល​ជំនុំ​ត្រង់​ខាង​មុខ​វាំង‌នន

23. រួច​រៀប​នំបុ័ង​លើ​តុ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក

និក្ខមនំ 40