11. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងលោកថា តើអ្នកណាបានបង្កើតមាត់មនុស្ស តើអ្នកណាដែលធ្វើឲ្យគ ឬឲ្យថ្លង់ ឲ្យភ្លឺ ឬឲ្យខ្វាក់នោះ បើមិនមែនអញជាព្រះយេហូវ៉ាប៉ុណ្ណោះទេ
12. ដូច្នេះចូរឯងទៅឥឡូវចុះ អញនឹងនៅជាមួយនឹងមាត់ឯង ព្រមទាំងបង្រៀនសេចក្ដីដែលឯងត្រូវនិយាយផង
13. នោះម៉ូសេទូលថា ឱព្រះអម្ចាស់អើយ សូមទ្រង់ចាត់អ្នកណាមួយតាមព្រះហឫទ័យទ្រង់ចុះ
14. នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងម៉ូសេ ទ្រង់មានព្រះបន្ទូលថា តើអើរ៉ុន ជាពួកលេវី មិនមែនជាបងឯងទេឬអី អញដឹងថា គាត់ចេះវោហារស្រួលណាស់ ហើយមើល គាត់ក៏ចេញមករកឯងដែរ កាលណាឃើញឯងហើយ នោះគាត់នឹងមានចិត្តអំណរអរ
15. ឯងត្រូវជំនុំនឹងគាត់ ហើយបញ្ចេះពាក្យសំដីឲ្យគាត់បាននិយាយ ឯអញៗនឹងនៅជាមួយនឹងមាត់ឯង ហើយនឹងមាត់គាត់ដែរ ព្រមទាំងបង្រៀនការដែលឯងត្រូវធ្វើផង
16. គាត់នឹងនិយាយទៅបណ្តាជនជំនួសឯង គាត់នឹងធ្វើជាមាត់ឲ្យឯង ហើយឯងនឹងបានដូចជាព្រះដល់គាត់
17. ត្រូវឲ្យឯងយកដំបងនេះកាន់នៅដៃ សំរាប់នឹងធ្វើទីសំគាល់ចុះ។
18. នោះម៉ូសេក៏ត្រឡប់ទៅឯយេត្រូ ជាឪពុកក្មេកជំរាបថា សូមអនុញ្ញាត ឲ្យខ្ញុំត្រឡប់ទៅឯបងប្អូនខ្ញុំ នៅស្រុកអេស៊ីព្ទវិញ ដើម្បីនឹងមើល តើគេនៅរស់ឬយ៉ាងណា យេត្រូតបថា ចូរទៅដោយសុខសាន្តចុះ
19. រីឯនៅស្រុកម៉ាឌាន នោះព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលនឹងម៉ូសេថា ចូរឯងត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ ដ្បិតពួកអ្នកដែលចង់សំឡាប់ឯង គេស្លាប់អស់ហើយ
20. ម៉ូសេក៏ប្រមូលយកប្រពន្ធកូន បញ្ជិះលើសត្វលា វិលត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ ក៏យកទាំងដំបងរបស់ព្រះកាន់នៅដៃផង
21. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា កាលណាឯងត្រឡប់ទៅដល់ស្រុកអេស៊ីព្ទហើយ នោះកុំឲ្យខាននឹងធ្វើអស់ទាំងការអស្ចារ្យ ដែលអញបានដាក់នៅដៃឯងនៅចំពោះមុខផារ៉ោនឡើយ តែអញនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង នោះទ្រង់មិនព្រមបើកឲ្យបណ្តាជនចេញទៅទេ
22. ឯងត្រូវទូលទៅផារ៉ោនថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អ៊ីស្រាអែលជាកូនអញ គឺជាកូនច្បងរបស់អញ
23. ហើយអញប្រាប់ឯងថា ចូរបើកឲ្យកូនអញចេញទៅ ដើម្បីនឹងថ្វាយបង្គំអញ បើឯងមិនព្រមទេ នោះមើល អញនឹងសំឡាប់កូនច្បងរបស់ឯងចោល។