1. តែម៉ូសេប្រកែកថា មើល គេនឹងមិនជឿទូលបង្គំ ឬស្តាប់តាមទូលបង្គំទេ គេនឹងថា ព្រះយេហូវ៉ាទ្រង់មិនបានលេចមកឯអ្នកទេ
2. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា តើមានអ្វីនៅដៃឯងនោះ លោកទូលឆ្លើយថា មានដំបង
3. រួចទ្រង់ប្រាប់ថា ចូរបោះទៅដីទៅ លោកក៏បោះទៅ ហើយដំបងនោះត្រឡប់ទៅជាសត្វពស់ ម៉ូសេក៏រត់ចេញពីសត្វពស់នោះ
4. តែព្រះយេហូវ៉ាទ្រង់បង្គាប់ថា ចូរលូកដៃទៅចាប់ត្រង់កន្ទុយវា លោកក៏លូកដៃទៅចាប់ រួចពស់នោះត្រឡប់ទៅជាដំបងនៅដៃលោកវិញ
5. នេះគឺដើម្បីឲ្យគេជឿថា ព្រះយេហូវ៉ាដ៏ជាព្រះនៃពួកអយ្យកោ ជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប ទ្រង់បានលេចមកឯឯង។
6. ព្រះយេហូវ៉ាទ្រង់បង្គាប់ទៀតថា ចូរឯងដាក់ដៃចូលទៅលើទ្រូងឥឡូវចុះ លោកក៏ដាក់ដៃចូលទៅ រួចដកមកវិញឃើញមានកើតឃ្លង់សដូចហិមៈ
7. រួចទ្រង់ប្រាប់ថា ចូរដាក់ដៃចូលទៅលើទ្រូងម្តងទៀត លោកក៏ដាក់ចូលទៅ រួចដកចេញមក ហើយមើល ដៃបានត្រឡប់ទៅដូចជាធម្មតាដើមវិញ
8. ទ្រង់មានព្រះបន្ទូលថា បើគេមិនជឿឯង ហើយមិនស្តាប់តាមទីសំគាល់មុន នោះគេនឹងជឿដោយសារទីសំគាល់ក្រោយនេះដែរ