9. គេធ្វើជា៤ជ្រុងស្មើបត់ជាពីរ មានបណ្តោយ១ចំអាម ទទឹង១ចំអាមជា២ផ្នត់
10. គេដាំត្បូង៤ជួរ ក្នុងជួរទី១ មានត្បូងសាមស៊ី១ ត្បូងទោបុ័ត១ និងបារកេត១
11. ក្នុងជួរទី២ មានត្បូងមរកដ១ ត្បូងកណ្តៀង១ និងពេជ្រ១
12. ក្នុងជួរទី៣ មានត្បូងលេសិម១ ត្បូងទទឹម១ និងត្បូងត្របែក១
13. ក្នុងជួរទី៤ មានត្បូងបេរីល១ ត្បូងអូនីក្ស១ និងកែវមណីជោតិ១ ត្បូងទាំងនេះបានដាំចុះក្នុងគ្រោងមាស
14. មានត្បូង១២តាមចំនួនឈ្មោះពួកកូនអ៊ីស្រាអែល គ្រប់តែត្បូងនោះបានឆ្លាក់ ដូចជាគេឆ្លាក់ត្រាក្នុងត្បូង១ មានឆ្លាក់ចុះឈ្មោះ១ ក្នុងពូជអំបូរទាំង១២
15. គេធ្វើខ្សែមាសសុទ្ធ វេញដូចជាខ្សែពួរ ភ្ជាប់នៅប្រដាប់បាំងទ្រូង
16. ក៏ធ្វើគ្រោងមាស២ និងក្រវិលមាស២ដាក់ភ្ជាប់នៅចុងសងខាងប្រដាប់បាំងទ្រូង
17. ហើយបញ្ចូលខ្សែមាស២ ក្នុងក្រវិលមាសទាំង២ដែលនៅចុងសងខាងប្រដាប់បាំងទ្រូងនោះ
18. ឯចុងខ្សែមាសទាំង២ គេក៏ចងភ្ជាប់នឹងគ្រោងមាសនៅខ្សែស្មារបស់អេផូឌខាងមុខ
19. ក៏ធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់នៅជាយខាងក្នុង ត្រង់ចុងសងខាងនៃប្រដាប់បាំងទ្រូងដែលជាប់នឹងអេផូឌ
20. គេក៏ធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់ពីក្រោមខាងមុខខ្សែស្មាជិតកន្លែងដែលខ្សែស្មា បានភ្ជាប់នឹងអេផូឌ នៅខាងលើអេផូឌ
21. គេក៏យកខ្សែខៀវមកចងប្រដាប់បាំងទ្រូង ភ្ជាប់នឹងអេផូឌដោយសារក្រវិលទាំងនោះ ដើម្បីឲ្យប្រដាប់បាំងទ្រូងបាននៅលើខ្សែក្រវាត់របស់អេផូឌ កុំឲ្យរបូតចេញឡើយ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។
22. គេក៏ធ្វើអាវវែងរបស់អេផូឌ ត្បាញជាសំពត់សុទ្ធតែពណ៌ផ្ទៃមេឃ
23. នៅកណ្តាលអាវវែងនោះមានក ដូចជាកនៃអាវសឹក ព្រមទាំងមានសំពត់ចំ នៅជុំវិញកផង ដើម្បីកុំឲ្យអាវវែងនោះរហែកចេញឡើយ