15. ឯចំហៀង១ទៀត ដែលស្មើនឹងចំហៀងម្ខាងទ្វារទីលាននោះមានរនាំងប្រវែង១៥ហត្ថ ហើយមានសសរ៣ និងជើង៣ដូចគ្នា
16. រនាំងទាំងប៉ុន្មានដែលបាំងជុំវិញទីលាននោះសុទ្ធតែត្បាញ ធ្វើពីអំបោះខ្លូតទេស វេញយ៉ាងខ្មាញ់
17. អស់ទាំងជើងសសរបានធ្វើពីលង្ហិន ឯទំពក់សសរ និងគន្លឹះទាំងប៉ុន្មាន នោះបានធ្វើពីប្រាក់ ហើយក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ទាំងអស់ដែរ អស់ទាំងសសរទីលាន នោះភ្ជាប់គ្នាដោយសារទំពក់ប្រាក់
18. រនាំងមាត់ទ្វារទីលាន ជាសំពត់ប៉ាក់ ត្បាញធ្វើពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ រនាំងនោះមានបណ្តោយ២០ហត្ថ កំពស់៥ហត្ថ ស្មើនឹងរនាំងទីលានទាំងអស់
19. សសរទាំង៤ និងជើងទាំង៤សំរាប់រនាំងក៏ធ្វើពីលង្ហិន ឯទំពក់ និងគន្លឹះនោះបានធ្វើពីប្រាក់វិញ ហើយក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ដែរ
20. ចំណែកអស់ទាំងចំរ៉ឹង សំរាប់រោងឧបោសថ និងទីលាន សុទ្ធតែធ្វើពីលង្ហិនទាំងអស់។
21. នេះហើយជាបញ្ជីប្រដាប់ប្រដា សំរាប់រោងឧបោសថ គឺជារោងនៃសេចក្ដីបន្ទាល់ ឯអ៊ីថាម៉ារ ជាកូនអើរ៉ុនដ៏ជាសង្ឃ គាត់បានទទួលបង្គាប់ម៉ូសេ ដើម្បីនឹងរាប់ប្រដាប់ទាំងនោះ សំរាប់ការងារនៃពួកលេវី
22. ឯបេតសាលាល កូនយូរី ដែលជាកូនហ៊ើរ ក្នុងពូជអំបូរយូដា គាត់បានធ្វើអស់ទាំងការ ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
23. មានទាំងអូហូលីអាប់ ជាកូនអ័ហ៊ីសាម៉ាក់ក្នុងពូជអំបូរដាន់មកជួយធ្វើការដែរ អ្នកនោះជាអ្នកប្រសប់ខាងការចំឡាក់ ហើយខាងបង្កើតការថ្មី និងខាងធ្វើសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត
24. ឯមាសទាំងប៉ុន្មានដែលគេបានថ្វាយសំរាប់នឹងប្រើធ្វើអស់ទាំងការស្អាងទីបរិសុទ្ធ នោះមានចំនួន២៩ហាប៧៣០ដំឡឹង តាមទំងន់ដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ
25. ហើយប្រាក់របស់អស់អ្នកក្នុងពួកជំនុំដែលបានរាប់ដាក់បញ្ជី នោះមានចំនួន១០០ហាប១៧៧៥ដំឡឹង តាមទំងន់ដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ
26. គឺជា៥កាក់ដែលត្រូវជាកន្លះរៀលម្នាក់គ្រប់ៗគ្នា តាមរៀលសំរាប់ប្រើក្នុងទីបរិសុទ្ធ ជាថ្លៃនៃអស់ទាំងអ្នកដែលមានឈ្មោះចុះក្នុងបញ្ជី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ឯចំនួនមនុស្សទាំងនោះ មាន៦សែន៣ពាន់៥៥០នាក់
27. ហើយប្រាក់១០០ហាបនោះ គេក៏យកទៅសិតធ្វើជើងសសរទីបរិសុទ្ធ និងជើងវាំងនន គឺជើង១មាន១ហាបប្រាក់ ឯជើង១០០ នោះត្រូវជា១០០ហាប