និក្ខមនំ 38:1-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គាត់​ស្អាង​អាស‌នា​ដង្វាយ​ដុត​ពី​ឈើ​នាង‌នួន​មាន​បណ្តោយ​៥​ហត្ថ ទទឹង​៥​ហត្ថ ៤​ជ្រុង​ស្មើ ហើយ​កំពស់​៣​ហត្ថ

2. នៅ​ជ្រុង​ទាំង​៤ គាត់​ធ្វើ​ស្នែង​ចេញ​ពី​អាស‌នា ស្រោប​ដោយ​លង្ហិន

3. គាត់​ធ្វើ​ប្រដាប់​ទាំង​ប៉ុន្មាន​សំរាប់​អាស‌នា គឺ​ជា​ប្រដាប់​ដាក់​ផេះ ចប‌ចូក ផើង សម ហើយ​នឹង​ជើង‌ក្រាន​ដែរ នោះ​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​ទាំង​អស់

4. គាត់​ធ្វើ​ប្រទាស​លង្ហិន​ខ្ទាស់​ក្រឡា​គ្នា​សំរាប់​អាស‌នា ក៏​ដាក់​ប្រទាស​ពី​ខាង​ក្រោម​គែម​ឲ្យ​ជាប់​ត្រង់​ពាក់​កណ្តាល​របស់​កំពស់​អាស‌នា

5. រួច​សិត​ធ្វើ​កង​៤​ដាក់​នៅ​ប្រទាស​លង្ហិន​ទាំង​៤​ជ្រុង សំរាប់​នឹង​ព្រហក​ឈើ​ស្នែង​សែង​ទៅ

6. ក៏​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាង‌នួន ព្រម​ទាំង​ស្រោប​ដោយ​លង្ហិន

7. គាត់​ព្រហក​ឈើ​ស្នែង​ចូល​ក្នុង​កង​ទាំង​ប៉ុន្មាន នៅ​សង​ខាង​អាស‌នា សំរាប់​នឹង​សែង​ទៅ​ឯ​អាស‌នា​នោះ គាត់​ធ្វើ​ឲ្យ​ខូង​ពី​ក្តារ។

8. គាត់​ក៏​ធ្វើ​ចាន​ក្លាំ​ពី​លង្ហិន ព្រម​ទាំង​ជើង​នៃ​ចាន​ក្លាំ​ដែរ គឺ​ធ្វើ​ពី​កញ្ចក់​របស់​ស្រីៗ​ដែល​ប្រជុំ​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ។

9. គាត់​ធ្វើ​ទីលាន ឯ​នៅ​ខាង​ត្បូង​មាន​រនាំង​ត្បាញ​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស វេញ​យ៉ាង​ខ្មាញ់ សំរាប់​បាំង​ទីលាន​ប្រវែង​១០០​ហត្ថ

10. មាន​ទាំង​សសរ​២០​ដាក់​លើ​ជើង​លង្ហិន​២០ ឯ​ទំពក់​សសរ ហើយ​នឹង​គន្លឹះ នោះ​សុទ្ធ​តែ​ធ្វើ​ពី​ប្រាក់​វិញ

11. នៅ​ខាង​ជើង មាន​រនាំង​ប្រវែង​១០០​ហត្ថ ហើយ​សសរ​២០ និង​ជើង​លង្ហិន​២០ មាន​ទាំង​ទំពក់ និង​គន្លឹះ​ធ្វើ​ពី​ប្រាក់​ដែរ

12. នៅ​ខាង​លិច មាន​រនាំង​ប្រវែង​៥០​ហត្ថ មាន​សសរ​១០ និង​ជើង​១០ មាន​ទាំង​ទំពក់​សសរ និង​គន្លឹះ​ធ្វើ​ពី​ប្រាក់​ដែរ

13. ឯ​នៅ​ខាង​កើត​ក៏​មាន​ទទឹង​៥០​ហត្ថ​ដូច​គ្នា

14. តែ​នៅ​១​ចំហៀង មាន​រនាំង​ប្រវែង​១៥​ហត្ថ ហើយ​មាន​សសរ​៣ និង​ជើង​៣

15. ឯ​ចំហៀង​១​ទៀត ដែល​ស្មើ​នឹង​ចំហៀង​ម្ខាង​ទ្វារ​ទីលាន​នោះ​មាន​រនាំង​ប្រវែង​១៥​ហត្ថ ហើយ​មាន​សសរ​៣ និង​ជើង​៣​ដូច​គ្នា

16. រនាំង​ទាំង​ប៉ុន្មាន​ដែល​បាំង​ជុំវិញ​ទីលាន​នោះ​សុទ្ធ​តែ​ត្បាញ ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស វេញ​យ៉ាង​ខ្មាញ់

និក្ខមនំ 38