7. ដ្បិតមានរបស់គ្រប់គ្រាន់នឹងធ្វើការទាំងនោះហើយ ថែមទាំងសល់ផង។
8. រួចអស់អ្នកចំណានដែលធ្វើការទាំងនោះ គេក៏ធ្វើរោងឧបោសថពីសំពត់១០ផ្ទាំង ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ទាំងប៉ាក់រូបចេរូប៊ីនតាមរចនានៃជាងមានស្នាដៃ
9. ឯសំពត់១ផ្ទាំងនោះ មានបណ្តោយ២៨ហត្ថ ហើយទទឹង៤ហត្ថ រាល់តែផ្ទាំងសុទ្ធតែប៉ុនគ្នាទាំងអស់
10. គាត់ក៏ដេរ៥ផ្ទាំងភ្ជាប់ជាមួយគ្នា ហើយ៥ទៀតក៏ដេរភ្ជាប់គ្នាដែរ
11. រួចគាត់ធ្វើខ្សែក្រវិលខៀវតាមជាយសំពត់ នៅចុងផ្ទាំងសំពត់ទី១ ក៏ធ្វើដូចគ្នាតាមជាយសំពត់ នៅចុងផ្ទាំងទី២
12. គាត់ធ្វើខ្សែក្រវិល៥០ តាមជាយសំពត់ទី១ ហើយក៏ធ្វើខ្សែក្រវិល៥០ នៅចុងផ្ទាំងទី២ដែរ ខ្សែក្រវិលទាំងនោះស្មើគ្នាទាំងអស់
13. គាត់ធ្វើទំពក់មាស៥០ ហើយភ្ជាប់ផ្ទាំងសំពត់ទាំង២ជាមួយគ្នា ដោយសារទំពក់នោះ ដូច្នេះរោងឧបោសថបានភ្ជាប់គ្នាតែ១។
14. រួចគាត់ធ្វើសំពត់១១ផ្ទាំង ពីរោមពពែ សំរាប់គ្របលើរោងឧបោសថ
15. សំពត់១ផ្ទាំងនោះ មានបណ្តោយ៣០ហត្ថ ហើយទទឹង៤ហត្ថ រាល់តែផ្ទាំងសុទ្ធតែប៉ុនគ្នាទាំងអស់
16. គាត់យកសំពត់៥ផ្ទាំង ដេររួមគ្នាជា១ផ្នែក ហើយ៦ទៀតក៏ដេររួមគ្នាជា១ផ្នែកដែរ
17. គាត់ធ្វើខ្សែក្រវិល៥០ តាមជាយសំពត់នៅចុងផ្ទាំងទី១ ហើយខ្សែក្រវិល៥០ទៀត តាមជាយសំពត់ នៅចុងផ្ទាំងទី២
18. រួចធ្វើទំពក់លង្ហិន៥០ សំរាប់ភ្ជាប់ត្រសាលឲ្យបានជាប់គ្នាតែ១។
19. គាត់ក៏ធ្វើគំរបពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម សំរាប់គ្របលើត្រសាល ហើយ១ទៀតពីស្បែកផ្សោតសំរាប់នឹងគ្របពីលើនោះថែមទៀត។
20. គាត់ធ្វើក្តារសំរាប់រោងឧបោសថ ជាក្តារឈើនាងនួនដាក់បញ្ឈរ
21. ក្តារ១សន្លឹក មានបណ្តោយ១០ហត្ថ ហើយទទឹង១ហត្ថកន្លះ
22. នៅគ្រប់តែក្តារ មានពន្លួញ២ រៀងតាមជួរជញ្ជាំង គាត់ធ្វើអស់ទាំងក្តារសំរាប់រោងឧបោសថនោះ ឲ្យដូចៗគ្នា
23. គឺក្តារ២០សន្លឹកសំរាប់ខាងត្បូងរោងឧបោសថ